រដ្ឋមន្ត្រីការពារជាតិអាមេរិក និងកូរ៉េខាងត្បូងជួបពិភាក្សាគ្នា ដើម្បីពង្រឹងសម្ព័ន្ធភាព

សេអ៊ូល ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានធ្វើដំណើរមកដល់ទឹកដីកូរ៉េខាងត្បូង និងជួបពិភាក្សាផ្ទាល់ជាមួយ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក ស៊ូ វូក (Su Wook) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតក្នុងគោលដៅពង្រឹងសម្ព័ន្ធភាព ចំពោះមុខស្ថានការណ៍ក្តៅគគុកក្នុងតំបន់។

បន្ទាប់ពីការជួបពិភាក្សាត្រូវបញ្ចប់ ប្រមុខការពារជាតិទាំងពីរ នឹងប្រកាសចេញនូវការពង្រឹង សម្ព័ន្ធភាពយោធារាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ ខណៈលោក Lloyd Austin ត្រូវបានគេរំពឹងថា នឹងបង្ហាញការប្តេជ្ញាជាថ្មីទៀត ចំពោះការប្រើប្រាស់សមត្ថភាព យ៉ាងពេញលេញរបស់សហរដ្ឋអាមេរិក ដើម្បីការពារសុវត្ថិភាពកូរ៉េខាងត្បូង។

យ៉ាងណាក៏ដោយ អ្នកជំនាញអន្តរជាតិបានមើលឃើញរួចទៅហើយថា ការសម្របសម្រួលពីសំណាក់សហរដ្ឋអាមេរិក ឲ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង ទម្លាក់ចោលភាពតានតឹងជាមួយគ្នា ពាក់ព័ន្ធរឿងរ៉ាវប្រវត្តិសាស្ត្រ និងការចូលរួមបន្ថែមទៀតរបស់ទីក្រុងសេអ៊ូល ទៅក្នុងការរក្សាស្ថិរភាពនៅឧបទ្វីបកូរ៉ ដែលនឹងត្រូវប្រឈមមុខជាមួយ ប្រទេសចិនដោយផ្ទាល់នោះ ហាក់កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។

គួរបញ្ជាក់ថា នៅមុនជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង, លោក Lloyd Austin បានលើកឡើងថា សម្ព័ន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូង គឺជាស្នូលនៃសន្តិភាព និងសន្តិសុខនៅក្នុងតំបន់នេះ ហើយយើងនឹងធ្វើការជាមួយគ្នា ដើម្បីឆ្ពោះទៅរកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានទាហានសរុប ២៨,៥០០នាក់ ឈរជើងនៅតាមមូលដ្ឋានទ័ពសរុបចំនួន ១៥ នៅក្នុងទឹកដីកូរ៉េខាងត្បូង៕

Leave a Reply

Your email address will not be published. Required fields are marked *