ទីបំផុត! សហរដ្ឋអាមេរិក រកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី Omicron

ឡូន អាន់ជែលែស ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណី «វិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) និងជាករណីទី ១ ផងដែរសម្រាប់សហរដ្ឋអាមេរិក។

រដ្ឋបាលសុខភាពប្រចាំទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វ័រញ៉ា បានគូសបញ្ជាក់ថា ករណីវិជ្ជមានដំបូងខាងលើនេះ គឺស្ថិតនៅក្នុងចំណោមអ្នកដំណើរ តាមជើងហោះហើរមកពីប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ ការពិសោធន៍ និងញែកលំដាប់ហ្សែន ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ហើយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) គឺជាអ្នកកំណត់ថា នោះគឺជាមេរោគបំប្លែងថ្មី Omicron។

មជ្ឈមណ្ឌល CDC របស់សហរដ្ឋអាមេរិកបានឲ្យដឹងទៀតថា បុគ្គល (វិជ្ជមានវីរុស Omicron) រូបនោះ គឺជាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងពេញលេញ និងបានចេញរោគសញ្ញាស្រាលប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ រូបគេកំពុងមានស្ថានភាពប្រសើរឡើងវិញជាបណ្តើរៗ ខណៈកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក ដោយខ្លួនឯង។ ដោយឡែកសម្រាប់អ្នកធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយបុគ្គលនេះទាំងអស់ ត្រូវបានទាក់ទងឲ្យមកធ្វើតេស្តរួចហើយ និងបានទទួលលទ្ធផល «អវិជ្ជមាន» ទាំងអស់។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការរកឃើញករណីវិជ្ជមាន Omicron ជាលើកដំបូងនេះ អាជ្ញាធរសុខាភិបាលអាមេរិក នៅតែជំរុញជាថ្មីឲ្យប្រជាជនទាំងឡាយ ជាពិសេសអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងឲ្យបាន ពេញលេញ និងចាក់ដូសជំរុញបន្ថែមទៀត សម្រាប់អ្នកដែលគ្រប់លក្ខខណ្ឌត្រូវចាក់។ មជ្ឈមណ្ឌល CDC និងអាជ្ញាធរសុខាភិបាលពាក់ព័ន្ធទូទាំងសហរដ្ឋអាមេរិកបានអះអាងថា ពួកគេនឹងបន្តការតាមដាន និងសិក្សាស្វែងយល់ឲ្យបានលម្អិត ចំពោះឥទ្ធិពលរបស់ Omicron មុខនឹងសម្រេចដាក់ចេញ នូវវិធានការផ្នែកសុខាភិបាលថ្មីទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *