បុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុករទេះលក់ម្ហូបនៅមុខវត្តស្ទឹងមានជ័យ រងការខូចខាត និងធ្វើឱ្យស្ត្រីម្នាក់ រងរបួស

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងចេញពីកន្លែងផឹកស៊ីណាទេ ស្រវឹងស្រាឡើងជោកជាំ បើករថយន្តទៅបុករទេះលក់ម្ហូបនៅមុខវត្តស្ទឹងមានជ័យ បណ្តាលឱ្យរងការខូចខាត និងធ្វើឱ្យស្ត្រីម្នាក់ ជាម្ចាស់រទេះរងរបួស កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយវិថីព្រះមុនីរ៉េត(ផ្លូវលេខ២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AU-9112 បើកបរដោយបុរសម្នាក់ មានស្ថានភាពស្រវឹងស្រាខ្លាំង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករទេះលក់ម្ហូប បណ្តាលឱ្យស្ត្រីម្នាក់ ជាម្ចាស់រទេះរងរបួសជើង រីឯរទេះរងការខូចខាតយ៉ាងដំណំ។

ក្នុងករណីនេះ គេសង្កេតឃើញបុរសជាម្ចាស់រថយន្តបង្ក បានចុះពីលើរថយន្តទាំងស្ថានភាពស្រវឹងស្រាជាខ្លាំង ទៅនិយាយជាមួយភាគីរងគ្រោះ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងជួយសម្រួលចរាចរណ៍ដល់អ្នកដំណើរ ព្រមទាំងសម្រួលដល់ភាគីទាំងពីរផងដែរ។ ក្រោយមកភាគីរថយន្តបង្កបានសងថ្លៃខូចខាត ទៅឱ្យភាគីរងគ្រោះចំនួន២៥០$ ដើម្បីបញ្ចប់រឿង៕

Leave a Reply

Your email address will not be published. Required fields are marked *