ក្លិនស្អុយចេញបណ្ដើរហើៗ! ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ដីដែលខ្លួនទន្ទ្រានកាន់កាប់ យកដោយខុសច្បាប់ ចំនួន៦៧៥ហិកតា ជូនរដ្ឋវិញ?

កំពង់ឆ្នាំង ៖ បន្ទាប់ពីមានបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ដឹកនាំស្រាវជ្រាវរកមុខអ្នករំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប ចាត់វិធានការដោយគ្មានយោគយល់ បែរជាលេចមុខលោកឧត្ដមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់ដីដែល ខ្លួនទន្ទ្រានកាន់កាប់ យកដោយខុសច្បាប់ ចំនួន៦៧៥ហិកតា ជូនរដ្ឋវិញ។

ចំណុចនេះមិនដឹងថា រួចខ្លួនត្រឹមស្ម័គ្រចិត្តប្រគល់ដីឲ្យរដ្ឋវិញ ឬចាត់ការតាមផ្លូវតុលាការ បន្តតាមនីតិវិធី ដើម្បីជាគំរូឲ្យឃើញថា អ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្មើភាពគ្នា ដូចប្រជាពលរដ្ឋនោះដែរ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានលើកឡើងថា រដ្ឋាភិបាលបំពាក់ស័ក្ដិឲ្យ ដើម្បីទៅបង្ក្រាបបទល្មើស ការពារ បម្រើប្រជាពលរដ្ឋ ជាអ្នកអនុវត្តច្បាប់ បែរជាទៅប្រព្រឹត្តបទល្មើសខ្លួនឯង រឿងបទល្មើសទន្ទ្រានកាន់កាប់យកដោយខុសច្បាប់។

សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលល្បីល្បាញខាងឈូសឆាយយកដីព្រៃលិចទឹករបស់រដ្ឋ នៅខេត្តកំពង់ឆ្នាំង និងជាអ្នកពូកែប្ដឹងចាប់ប្រជាពលរដ្ឋ ដែលចូលទៅក្បែរដីលោកដាក់គុកនោះ ពេលនេះបានស្ម័គ្រចិត្តប្រគល់ដីដែលខ្លួនទន្ទ្រានកាន់កាប់ យកដោយខុសច្បាប់ ចំនួន៦៧៥ហិកតាជូនរដ្ឋវិញ ទាំងញ័រដៃតតាត់ ជាមួយនឹងព្រលឹងចុងសក់ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចតេជោ ហ៊ុន សែន។

មហាជន ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង កំពុងរង់ចាំតាមដានបន្ត តើមានមន្ត្រីប៉ុន្មាននាក់អាចប្រឈមមុខចំពោះផ្លូវច្បាប់ ពាក់ព័ន្ធ នឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប?

មហាជនគ្រប់ទិសទីបានសាទរ និងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន លើពួកខិលខូចទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់។

ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏សូមអរគុណលោកបណ្ឌិត សុខ ទូច ដែលបានចុះស្រាវជ្រាវ និងរាយការណ៍ជូនសម្តេចតេជោ ដើម្បីសង្គ្រោះដីបឹងទន្លេសាប។ មិនដឹងការស្រាវជ្រាវ  និងក្តីរាយការណ៍របស់លោករឿងបឹងទន្លេសាប នឹងរងការប្រឈម  ឬអ្នកគុំកួនលោកយ៉ាងណានោះទេ? ខណៈអ្នករំលោភយកដីរដ្ឋភាគច្រើនអ្នកមានអំណាច។

មនុស្សខ្មែរយើងមិនដឹងថា ស្រេកឃ្លានការមានបានជាមួយការបំផ្លាញសម្បត្តិធម្មជាតិដល់ពេលណា? ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប គឺចាំបាច់ណាស់ជាជម្រកត្រីពងកូននារដូវវស្សា។

សូមលោកបន្តបេសកកម្មជួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសូមបានទទួលសុខសុវត្ថិភាព ជោគជ័យគ្រប់បេសកកម្ម។

សូមបញ្ជាក់ថា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញបេសកកម្មការងារនេះ ដោយយកចិត្តទុកដាក់បំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *