ជិះម៉ូតូល្បឿនលឿនពេក ជ្រុលបុករថយន្តពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែង

បៃលិន ៖ បុរសម្នាក់ ត្រូវគេស្គាល់ថា ជាមន្រ្តីយោធា បើកម៉ូតូក្នុងល្បឿនលឿន វ៉ាជែងនៅត្រង់ផ្លូវមានស្ថានភាពគ្រោះថ្នាក់ លុះបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តដឹកដីចំពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង នៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៥៧ ទល់មុខសាខាកាកបាទក្រហមស្រុកសាលាក្រៅ ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មាន បានឱ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះ ហៀត ហាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្រ្តីយោធា មានទីលំនៅភូមិ-ឃុំខាងលើ ដោយបើកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AN-2551 (ស្លាប់នៅនឹងកន្លែង)។ ចំណែកអ្នកបើកបររថយន្ដ ឈ្មោះ ឡង ចាន់ថេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាអ្នកបើកឡានដឹកដី ដោយបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7032 ត្រូវនគរបាលចាប់ឃាត់ខ្លួន។

ប្រភពបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីខាងភាគីខាងម៉ូតូមិនគោរពផ្លូវអត្ថិភាពដោយវាជែងមិនប្រយ័ត្ន បណ្តាលឱ្យជ្រុលចង្កូតទៅបុករថយន្តចំពីមុខពេញទំហឹងស្លាប់តែម្តង។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ហើយអ្នកបើកបររថយន្តរថយន្ត ត្រូវឃាត់ទុក និងម៉ូតូ ត្រូវបានកម្លាំងនករបាលចរាចរណ៍ជើងគោកខេត្ត យកទៅរក្សារទុកនៅការិយាល័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *