ភ្នំពេញ÷កាលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំក្រុមការងារបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ១៧-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅកាន់ខេត្តក្រុងចំនួន ៥ រួមមាន ប៉េកាំង គុនមីង ក្វាងចូវ ណាននីង និងអានហ៊ួយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូផ្តល់អាហារូបករណ៍។
ក្នុងដំណើរបេសកកម្មគណៈប្រតិភូទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំស្ថានទូត, ស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូពាក់ព័ន្ធរួមមានមន្ទីរអប់រំខេត្ត សមាគមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានៃសាធារណរដ្ឋប្រជាមានិតចិន សរុបប្រមាណ២១ស្ថាប័នដែលបានជួបពិភាក្សាការងារ។
លើសពីនេះទៅទៀតតាមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ក្រុមការងារបានជួបសំណេះសំណាលនិស្សិតកម្ពុជាក្រុងប៉េកាំង ប្រមាណ៣០០នាក់ ខេត្តអានហ៊ួយប្រមាណ ៦០នាក់ និងនៅតាមបណ្តាលគោលដៅផ្សេងៗទៀត ដើម្បីស្វែងយល់ពីសុខទុក្ខ, ការសិក្សា, ការរស់នៅ និងបញ្ហាប្រឈមនានារបស់និស្សិតសំដៅធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងជួយសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីឱ្យនិស្សិតអាចបញ្ចប់ការសិក្សាដោយជោគជ័យ នឹងក្លាយជាធនធានមនុស្សកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យនេះ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងបន្តចូលរួមគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និយាយជារួម និងនិយាយដោយឡែកគឺបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់នូវអាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាទៅបន្តការសិក្សានៅក្នុង និងក្រៅប្រទេសនៅថ្នាក់ឧត្តមសិក្សា៕