ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Muzaffar Ashuriyon រដ្ឋមន្រ្តីយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃសាធារណរដ្ឋតាជីគីស្ថាន ចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

(សៀមរាប) ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Muzaffar Ashuriyon រដ្ឋមន្រ្តីយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃសាធារណរដ្ឋតាជីគីស្ថាន ចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃសាធារណរដ្ឋតាជីគីស្ថាន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានចាត់ទុកការចូលរួមរបស់តាជីគីស្ថាន គឺជាផ្នែកមួយនៃគ្រួសារអនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការរួមចំណែករបស់តាជីគីស្ថានក្នុងការសម្រេចបាននូវគោលដៅរួមនៃអនុសញ្ញា និងបានស្នើសុំឱ្យប្រទេសតាជីគីស្ថានបន្តចូលរួមដោះស្រាយបញ្ហាមីន ផងដែរ។

ឯកឧត្តម Muzaffar Ashuriyon បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលសៀមរាម-អង្គរដ៏មានសារៈសំខាន់ និងកិច្ចប្រជុំសម្រាប់មន្រ្តីជាន់ខ្ពស់ ហើយបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ជាប្រទេសដែលមានបទពិសោធន៍ច្រើនសម្រាប់វិស័យសកម្មភាពមីន។

ឯកឧត្តម Muzaffar Ashuriyon បានបញ្ជាក់ទៀតថា ឆ្នាំ២០២៥ ខាងមុខ ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំឱ្យមានការគាំទ្រ និងបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសតាជីគីស្ថាន និងកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *