អតិថិជនទិញផ្ទះក្នុងបុរីមនោរម្យ ព្រែកតាទែននាំគ្នាដាក់លិខិតស្នើសុំអន្តរាគមន៍ទៅអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល÷យោងតាមលិខិតស្នើសុំអន្តរាគមន៍លេខ ៤៣២បថ្ងៃទី១៣ ខែ១១ ឆ្នាំ ២០២៤ ម៉ោងៈ ២:៤១ នាទីរសៀលរបស់អតិថិជនដែលបានទិញផ្ទះពីក្រុមហ៊ុន ប៊ី & ប៊ីអិម ឌីវេឡុបម៉ិន ខូអិលធីឌី (បុរីមនោរម្យ ព្រែកតាទែន)ដែលមានអ្នកឧកញ៉ា ផាត់ ប៊ុន ជាប្រធាន មានខ្លឹមសារថា, យើងខ្ញុំទាំងអស់គា្នជាអតិថិជនរបស់ក្រុមហ៊ុន ប៊ី & ប៊ីអិម ឌីវេឡុបម៉ិន ខូអិលធីឌី (បុរីមនោរម្យ ព្រែកតាទែន) ដែលមានអាសយដ្ឋានភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ចំនួន២៧. គ្រួសារ ។ សូមគោរពជូន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជាទីគោរពដ៏ខ្ពង់ខ្ពស់។

កម្មវត្ថុ៖ សំណើសុំជួយអន្តរាគមន៍ដោះស្រាយវិវាទការរំលោភកិច្ចសន្យាទិញ-លក់ផ្ទះ
និងដី របស់ក្រុមហ៊ុន ប៊ី & ប៊ីអិម ឌីវេឡុបម៉ិន ខូអិលធីឌី (B&BM Development
Co.,Ltd) (បុរីមនោរម្យព្រែក តាទែន) មកលើអតិថិជន(ម្ចាស់ផ្ទះ)។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ យើងខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមអភិបាល មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ យើងខ្ញុំទាំងអស់គ្នាដែលជាភាគីអ្នកទិញផ្ទះនិងដី របស់ក្រុមហ៊ុន ប៊ី & ប៊ីអិម ឌីវេឡុ បម៉ិន ខូអិលធីឌី (បុរីមនោរម្យព្រែកតាទែន) ដោយមានកិច្ចសន្យាទិញ-លក់ផ្ទះនិងដី(ឯកសារទី១) និងកិច្ច សន្យាកម្ចីប្រាក់(ឯកសារទី២)ជាមួយតំណាងក្រុមហ៊ុន។
យោងតាមតាមលិខិតរបស់បងប្អូនដែលជាអតិថិជនបានបន្តអោយដឹងទៀតថា, កន្លងមកយើងខ្ញុំទាំងអស់គា្នបានបង់ប្រាក់រំលស់ថ្លៃផ្ទះ និងដីតាមតារាងបង់ប្រាក់(ឯកសារទី៣) ដោយគោរពតាមប្រការនៃកិច្ចសន្យាទិញ-លក់ផ្ទះនិងដីអស់រយៈ ពេល៦០ខែដោយគិតចាប់ពីថ្ងៃផ្ដិតមេដៃចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ប៊ី & ប៊ីអិម ឌីវេឡុបម៉ិន ខូអិលធីឌី(បុរី មនោរម្យព្រែកតាទែន) ទោះបីជាស្ថិតក្នុងកាលៈទេសៈពេលមានវិបត្តិកូដ-១៩ ក៏យើងខ្ញុំបានខិតខំបំពេញកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យារហូតចប់គ្រប់ចំនួនជូនដល់ក្រុមហ៊ុន។


ប៉ុន្តែខាងក្រុមហ៊ុន ប៊ី & ប៊ីអិម ឌីវេឡុបម៉ិន ខូអិលធីឌី(បុរីមនោរម្យព្រែកតាទែន) ខាងលើនេះបែរ ជាមិនគោរពកាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្នុងកិច្ចសន្យាឡើយ ដោយបង្កជាបញ្ហាជាមួយយើងខ្ញុំទាំងអស់ គ្នាច្រើនលើកច្រើនសារដូចជាការប្រគល់ផ្ទះយឺតយ៉ាវ ផ្ទះគ្មានគុណភាព ផ្ដល់សំណងមិនត្រឹមត្រូវ ផ្ដល់ សំណងហើយបជាទាមទារសំណងត្រឡប់ទៅវិញ … និងបានបង្ខំទារការប្រាក់លើប្រាក់សំណងថែមទៀត។ ហើយនៅចុងក្រោយបំផុតគឺ គំរាមគំហែងមិនប្រគល់ប្លង់បំបែកក្បាលដី អោយមកយើងខ្ញុំទាំងអស់គ្នាដើម្បី យកទៅប្រើប្រាស់និងផ្ទេរសិទ្ធិកម្មសិទ្ធិស្របច្បាប់ ទាំងដែលយើងខ្ញុំទាំងអស់គ្នាបានបំពេញកាត្វកិច្ចបង់ផ្តាច់ គ្រប់៦០ខែ រួចរាល់អស់កាលជាច្រើនខែ និងឆ្នាំកន្លងមកហើយ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មេត្តាជួយរកយុត្តិធម៌ដល់យើងខ្ញុំទាំងអស់គ្នាដែលទទួលរងគ្រោះយ៉ាងអយុត្តិធម៌ និងសូមជួយចាត់វិធានការ ចំពោះក្រុមហ៊ុន ប៊ី&ប៊ីអិម ឌីវេឡុបម៉ិន ខូអិលធីឌី(បុរីមនោរម្យព្រែកតាទែន) ។
ក្នុងលិខិតស្នើសុំអន្តរាគមន៍នោះបានបញ្ជាក់បន្ថែមទៀតថា, ស្នើឱ្យក្រុមហ៊ុន ប៊ី&ប៊ីអិម ឌីវេឡុបម៉ិន ខូអិលធីឌី(បុរីមនោរម្យព្រែកតាទែន)គោរពតាមកិច្ចសន្យា÷
១.ប្រការ៥ ចំណុច់ទី ៦ នៃកិច្ចសន្យាទិញ-លក់ផ្ទះនិង ករណីសាងសង់ផ្ទះមានការយឺតយ៉ាវ លើសពី៣(បី)ខែឡើងទៅទើបភាគី ក(ខាងបុរី) ត្រូវផ្ដល់សំណងលើការយឺតយ៉ាវនេះជូនភាគី ខ (អតិថិជន) ដោយគិតការប្រាក់ ១២%(ដប់ពីរភាគរយ) ក្នុង១(មួយ)ឆ្នាំ នៃចំនួនទឹកប្រាក់ ដែលភាគី ខ (អតិថិជន) បានបង់(ឯកសារទី១)
២.ក្រុមហ៊ុនត្រូវប្រគល់ប្លង់បំបែកក្បាលដីជូនអតិថិជន ដែលបានបំពេញកាត្វកិច្ចចប់សព្វគ្រប់ដោយបានបង់គ្រប់៦០ខែតាមតារាងបង់ប្រាក់ប្រចាំខែ(បង់ដល់ខែទី៦០)(ឯកសារទី៤)។
សូម ឯកឧត្តមអភិបាល មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា។
ថ្ងៃពុធ១៣កើត ខែកក្ដិកឆ្នាំរោង ឆស័ក ពស ២៥៦៨ កណ្ដាល ថ្ងៃទី ១៣ ខែ វិច្ឆកា ឆ្នាំ ២០២៤ ហត្ថលេខា ឬស្នាមមេដៃស្តាំអ្នកស្នើសុំ៕ដោយ÷តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *