កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តគម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគនិងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន ២៣គម្រោង សម្រាប់ ឆ្នាំ២០២៤-២០២៩

ភ្នំពេញ ៖ គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។ គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣គម្រោង ខាងលើនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។

ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។ គម្រោងវិនិយោគទាំង ២៣គម្រោងខាងលើ មានទុនវិនិយោគ សរុបចំនួន ៥ ៧៩០លានដុល្លារអាម៉េរិក។ តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ខាងលើ មានផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ដែលរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ឱ្យបានជាអតិបរមា ដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការផ្គត់ផ្គង់អគ្គិសនីឱ្យនៅដដែល ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាមពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជានិងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ គម្រោងនេះ នឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ជាពិសេសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តព្រៃវែង នៅក្នុងដំណាក់កាលសាងសង់ ដំណើរការ និងថែទាំ នាំមកនូវបច្ចេកវិទ្យាថ្មី ទំនើប រួមជាមួយការបណ្តុះបណ្តាលនៅនឹងកន្លែង ជួយបង្កើនសមត្ថភាព ជំនាញរបស់កម្មករនិយោជិតកម្ពុជា តាមរយៈការអនុវត្តផ្ទាល់នៅមូលដ្ឋាន។ ជាពិសេសរដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោងវិនិយោគទាំង ២៣គម្រោង ដែលរួមមាន ពន្ធលើប្រាក់ចំណូល ពន្ធបន្ថែមលើការបែងចែកមុនពន្ធកាត់ទុកលើការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ ក្នុងរយៈពេលនៃប្រតិបត្តិការគម្រោងតាមកិច្ចព្រមព្រៀង៕

Leave a Reply

Your email address will not be published. Required fields are marked *