ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ករណីវីដេអូដែលបង្ហោះលេីបណ្ដាញសង្គម នៅថ្ងៃទី២៦ ខែកញ្ញានេះ ពាក់ព័ន្ធករណីមន្ត្រីនគរបាលសណ្ដាប់ធ្នាប់ស្ទូចឡាន ដែលចតហួសចូលទ្រូងផ្លូវ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជូនសាធារណជនមេត្តជ្រាបថា៖ នៅវេលាម៉ោង ៨ និង ៤៨នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានចេញល្បាតរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ក៏ប្រទះឃើញរថយន្ត ១គ្រឿង ម៉ាកលុចសុីស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-6969 ចតនៅលេីផ្លូវឯករាជ្យ ហួសគំនូសចូលមកទ្រូងផ្លូវ នៅទីតាំងមុខសាលារៀនកម្មករ ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចក៏បានស្វែងរកម្ចាស់តែពុំឃើញ (រថយន្តនេះចតទុកចោលតាំងពីម៉ោង២ទាបភ្លឺដោយគ្មានដាក់សញ្ញាសម្គាល់ថារថយន្តខូច) ក៍បានហៅឡានស្ទូចមកស្ទូច ដេីម្បីយកទៅរក្សាទុកបណ្តោះអាសន្ន ពេលកំពុងស្ទូច ម្ចាស់រថយន្តខាងលេីក៍មកដល់ ព្រមទាំងធ្វេីការថតវីដេអូភ្លាមៗ និងបានប្រាប់ឲ្យសមត្ថកិច្ចដាក់រថយន្តចុះវិញ ព្រោះឡានគាត់ខូច ពេលនោះ សមត្ថកិច្ច ក៏បានប្រាប់ឲ្យម្ចាស់រថយន្តទៅយកនៅទីតាំងដាក់ឡាន តែគាត់មិនព្រម នូវតែធ្វេីការថតវីដេអូរបង្ហោះតែម្តង។
សមត្ថកិច្ច បានយករថយន្តខាងលេី ទៅដាក់ចុះនៅក្រោយសាលារៀនកម្មករ និងប្រគល់ទៅម្ចាស់រថយន្តវិញ ដោយមិនមានផាកពិន័យអ្វីឡេីយ ហេីយម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះវីដេអូខាងលេី ក៏បានលុបវីដេអូចេញផងដែរ។
បន្ទាប់មក លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាទៅលោកស្នងការរង ផែនការងារនគរបាលសណ្ដាប់ធ្នាប់ កោះហៅមន្ត្រីខាងលេី ដេីម្បីមកធ្វេីការណែនាំអប់រំ៕