តុលាការកាត់ទោសបុរសបើករថយន្ត Ford Ranger ទាំងស្រវឹងហើយបុករះស្លាប់មនុស្សប្រុស-ស្រី៤នាក់ភ្លាមៗ​នៅក្រោមស្ពានអាកាសឫស្សីកែវ ដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរចំនួន៥ឆ្នាំ

ភ្នំពេញ៖​ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះស្លាប់មនុស្សប្រុស-ស្រី៤នាក់ភ្លាមៗ នៅក្រោមស្ពានអាកាសឫស្សីកែវ ដោយសម្រេច ដាក់ពន្ធនាគារចំនួន៥ឆ្នាំនិងពិន័យមិនឱ្យបើកបរចំនួន៥ឆ្នាំ។

សូមរំលឹកថា មានមនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីរពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនិងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឫស្សីកែវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ៈ៤០នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានអាកាសឫស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមព័ត៌មាននៅកន្លែងកើតហេតុបាន ផ្សាយផ្ទាល់ឱ្យដឹងថា នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹកនៅចំណុចស្ដុបក្រោមស្ពានអាកាសឫស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដនិងម៉ូតូជាច្រើនគ្រឿងឈប់ចាំភ្លើងស្ដុបពណ៌ខៀវស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឫស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿងនិងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយរងការខូចខាត គាបជាប់ក្រោមរថយន្ដ រាយប៉ាយពេញផ្លូវ ឯអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត​ ដោយម៉ូតូរងគ្រោះទី១ម៉ាកហុងដាប៊ីត ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KG-7548 ទី២ម៉ាកហុងដាឃ្លីក ពណ៍ស ពាក់ស្លាកលេខបាត់ដំបង 1AP-7471 ទី៣ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1J-3821 ទី៤ម៉ាកហុងដាហ្សូមើអុិច មិនស្គាល់ស្លាកលេខ។ រីឯរថយន្ដរងគ្រោះមានចំនួនពីរគ្រឿង ទី១ម៉ាកតូយ៉ូតាព្រូស ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ 2BB-4208 រងការខូចខាតផ្នែកខាងក្រោយ និងហោះឡើងលើសួនខាងស្ដាំដៃ ទី២ម៉ាកឡិចសុីស NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BT-3779 រងការខូចខាតផ្នែកខាងក្រោយ ដោយគាបជាប់ជាមួយរថយន្ដបង្ក។

ភ្លាមៗនោះអ្នកបើកបរថយន្ដបង្ក ក្រោយពីបើកបុករះបណ្ដាលអោយមានអ្នកស្លាប់នឹងរបួសជាច្រើននាក់រួចមក សមត្ថកិច្ចបានឃាត់ខ្លួនយកទៅប៉ុស្ដិ៍ឬស្សីកែវ។

ភាគីបង្កបេីករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ បើកបរដោយឈ្មោះនាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កម្រិតជាតិអាល់កុល ០.៥៤)។

ចំណែកជនរងគ្រោះរួមមាន៖
* ម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ១AP-៧៤៧១ បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ស្រី ២នាក់) រងរបួសធ្ងន់ បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់
ម៉ែត។

* ម៉ូតូម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KG-៧៥៤៨ បើកបរដោយឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) រងរបួសស្រ្តីពីរនាក់សម្រាកព្យាបាលនៅពេទ្យកាលម៉ែត។

* ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១J-៣៨២១ បើកបរដោយឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។

* ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ(មិនស្គាល់ បើកបរដោយ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងសំណង់ និងឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ស្លាប់ទាំង ២ នៅកន្លែងកើតហេតុ)។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក​ រីឯសពត្រូវបានសមត្ថកិច្ច​ទាក់ទងទៅគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *