(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន និងទទួលផលចោរកម្ម ក្នុងតំបន់ភូមិអង្គ្រង ភូមិប្រវឹកពង ភូមិទួលតារា និងភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការ។
ជនសង្ស័យមានឈ្មោះ ឃឿន សុខេន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអង្គ្រង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចវាលស្រែស្វាយល្ហួត ភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន៖ ម្ស៉ៅក្រាមព័ណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច, ទូរសព្ទ័ដៃចំនួន ០២គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងនាឡិការដៃចំនួន០១គ្រឿង។
ក្រោយបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ជនសង្ស័យត្រូវបាន តុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្ន៕