ពលរដ្ឋថា លិខិតបំភ្លឺរបស់មេសុរិយោដីបន្ទាយមានជ័យជាលិខិតបំភ្លៃការពិត ដើម្បីបំភាន់ភ្នែកថ្នាក់លើ ដើម្បីយកដីរដ្ឋតំបន់៣ជូនឧកញ៉ា លី សំអាន

(បន្ទាយមានជ័យ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២កន្លងទៅ បានចេញលិខិតបំភ្លឺ ថា ខ្លួនមិនបានវាស់ដីព្រៃលិចទឹកតំបន់៣ ដើម្បីចុះបញ្ជីកម្មសិទ្ធិឲ្យឈ្មោះ លី សំអាន នោះទេ គឺគ្រាន់តែដំឡើងផែនទីបង្ហាញទីតាំងដី និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តែប៉ុណ្ណោះ។

លិខិតបំភ្លឺដដែល បានស្នើឲ្យអង្គភាពសារព័ត៌មាន Online និងបណ្ដាញសង្គល Facebook មួយចំនួន កែតម្រូវពាក្យពេចន៍ និងខ្លឹមសារដែលបានចុះផ្សាយមានចំណងជើងថា៖ “បែកធ្លាយ! មេសូរិយោដីខេត្តបន្ទាយមានជ័យ លួចរៀបឯកសារដើម្បីកាត់ដីរដ្ឋក្នុងតំបន់៣ ជិត១០០០ហិកតា ឲ្យទៅឈ្មួញឈ្មោះលី សំអាន” ជៀសវាងមហាជនភាន់ច្រឡំ នាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់មន្ត្រី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យដែលជាស្ថាប័នរបស់រាជរដ្ឋាភិបាល។

ពលរដ្ឋដែលត្រូវបានដកហូត ដីស្រែអាស្រ័យផលនៅដីព្រៃលិចទឹកតំបន់៣ នៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងមន្ត្រីមួយចំនួន នៅតែចាត់ទុក លិខិតបំភ្លឺរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ មានលក្ខណៈបំភ្លៃការពិត ដោះសារយករួចខ្លួន តែប៉ុណ្ណោះ។

ជាក់ស្តែងតាមលិខិតរបស់រដ្ឋបាលជលផល លេខ៖ ៣៤៧៩ ផជ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ មានហត្ថលេខា និងត្រារបស់ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលជលផល បានបញ្ជាក់ក្នុងរបាយការណ៍យ៉ាងច្បាស់ក្នុងកម្មវត្ថុគោរពជូនទៅរដ្ឋមន្ត្រីក្រសួងកសកម្មរុក្ខាប្រម៉ាញ់ និងនេសាទ គឺជារបាយការណ៍ស្តីពីការចុះពិនិត្យការវាស់វែងដីក្នុងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ នៅខេត្តបន្ទាយមានជ័យ។

របាយការណ៍ដដែលបានបញ្ជាក់ថា “ឥឡូវនេះ ព្រៃលិចទឹកដែលទទួលរងនូវការឈូសឆាយនិងការកាប់ទន្ទ្រាននៅចំណុចភូមិក្របៅ និងភូមិកំពង់ក្រសាំងក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ មន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានធ្វើលិខិតទៅអភិបាលខេត្ត ដើម្បីសុំការគាំទ្រវាស់វែងកំណត់និយាមកាព្រំដី និងដំឡើងផែនទីតាមការស្នើសុំរបស់លោកឧកញ៉ា លី សំអាន។ ការវាស់វែងនេះ អង្គភាពមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ បានធ្វើការស្នើសុំ និងមានចំណារឯកភាពរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។

ក្រោយទទួលបានសំណើឲ្យទប់ស្កាត់បញ្ឈប់ការវាស់វែងធ្វើកម្មសិទ្ធិរបស់រដ្ឋបាលជលផល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយមានវិធានការ បញ្ឈប់ការវាស់វែងកំណត់និយាមការព្រំដី ដែលកំពុងរងការរុករាន និងឈូសឆាយ។ ឆ្លើយតបសំណើរនេះ នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យប្រធានមន្ទីរ ខេត្តបន្ទាយមានជ័យ ចាត់វិធានការទប់ស្កាត់តាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យមួយចំនួន បានរំលេចឲ្យដឹងថា បើការវាស់រវែងនិយាមកា ដើម្បីធ្វើរបាយការណ៍ទៅរដ្ឋមន្ត្រីក្រសួងដែនដី គឺមិនចាំបាច់មានប្រថាប់ត្រា បន្ថែមដោយប្រធានមន្ទីរ និងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកព្រះនេត្រព្រះនោះទេ។

ពលរដ្ឋនៅឃុំភ្នំលាបបានបន្ថែមថា សកម្មភាពនៃការចុះវាស់វែងដីព្រៃលិចទឹកតំបន់៣ និងការចេញប្លង់បង្ហាញទីតាំងដី និងដំណើងផែនទីតាមការស្នើសុំអាស្រ័យផលរបស់ឈ្មោះ លី សំអាន គឺជាដើមចមនាំឲ្យមានការចូលទន្ទ្រានដីតំបន់បីយ៉ាងអនាធិបតេយ្យ ពីគ្រប់មជ្ឈដ្ឋាន ពីសំណាក់អ្នកមានធនធានផង និងកសិករផង។

ពលរដ្ឋ និងមន្ត្រីមួយចំនួននៅខេត្តបន្ទាយមានជ័យ ជឿថា បានខិតខំប្រឹងប្រែង ដើម្បីកែប្រែដីព្រៃលិចទឹកតំបន់៣ ជាដីកម្មសិទ្ធិ សាធារណៈរបស់រដ្ឋឲ្យក្លាយទៅជាដី ឯកជនរបស់រដ្ឋ ហើយ ផ្តល់កម្មសិទ្ធិឲ្យលោកឧកញ៉ា លី សំអាន ជាអំពើទុច្ចរិត មិនស្របតាមច្បាប់ ធ្វើឡើងដើម្បីបន្លំថ្នាក់ដឹកនាំ។ ព្រោះអំពើនេះមិនយោងតាមច្បាប់ស្តីពីភូមិបាល និងឯកសារគតិយុទ្ធិនានា ដែលសម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជាបាន ប្រឹងប្រែងនាពេលកន្លងមកនោះទេ។

សូមអានប្រវត្តិខ្លះៗ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាព ដែលមន្ត្រីខេត្តបន្ទាយមានជ័យ ខិតខំប្រឹងប្រែង ដើម្បីកែប្រែដីព្រៃលិចទឹកតំបន់៣ ជាដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋឲ្យក្លាយទៅជាដី ឯកជនរបស់រដ្ឋ ហើយ ផ្តល់កម្មសិទ្ធិឲ្យលោក លី សំអាន ដោយមិនស្របតាមច្បាប់។

បទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការ និងការការពារតំបន់ជុំវិញបឹងទន្លេសាប លេខៈ ០១ បប ចុះថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១០ បានបញ្ជាឲ្យគណៈអភិបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាបត្រូវដឹកនាំគណៈកម្មការចម្រុះថ្នាក់ខេត្ត ចុះរំលាយចោលទាំងស្រុង ឬកែសម្រួលបច្ចេកទេសលើបណ្តាអាងទឹកដែលបានសាងសង់ឡើងនៅក្នុងតំបន់២ និងតំបន់៣។ បទបញ្ជាចំណុចទី៤ អភិបាល នៃគណៈអភិបាលខេត្តត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាលចំពោះការអនុវត្តន៍មិនបានសម្រេចនៅបទបញ្ជានេះ។

ក្រោយពីមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១០ របស់ក្រុមការងារមុខព្រួញខេត្តបន្ទាយមានជ័យ ចុះបោះបង្គោលកំណត់និយាមកាព្រំប្រទល់តំបន់៣ ជំហានទី១ និងបានវាយបំបផ្លាញអាងទឹកស្ថិតនៅក្នុងតំបន់៣ ចំនួន៣ម្ចាស់ស្នើនឹងប្រវែង ១៩,៣៥០ម៉ែត្រ និងសំណង់សិប្បការចំនួន៥កន្លែង ក្នុងនោះបានបំផ្លាញចោលទាំងស្រុង នូវទំនប់ប្រវែង ៤,៥៣០ម៉ែត្រ និងសំណង់សិល្បការចំនួន ២កន្លែង ជារបស់លោកឧកញ៉ា លី សំអាន។ នេះបើយោងតាមលិខិតរបស់ប្រធានក្រុមការងារចុះប្រតិបត្ថិការជាក់ស្តែងនូវវិធានការបំផ្លាញចោល ឬកែសម្រួលបណ្តាអាងទឹក ជុំវិញបឹងទន្លេសាប មុខព្រួញខេត្តបន្ទាយមានជ័យ ដាក់ជូនទៅ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានអាជ្ញាធរន្លេសាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១០។

 

ក្រោយការវាស់វែងកំណត់បង្គោលព្រុំតំបន់៣រួចរាល់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ សម្តេចអគ្គមហាសេនាបតីតេជោ បានចេញអនុក្រឹត្យលេខ ១៩៧ អនក្រ.កប ស្តីពីការកំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧,៤០៦ហិកតា ស្ថិតនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដែលមានបង្គោលនិយាមការចំនួន ៨០២ ចំណុច។ មាត្រាទាំង៥ នៃអនុក្រឹត្យនេះ ជំរុញឲ្យអភិបាលនៃគណៈអភិបាលខេត្តនីមួយៗ ត្រូវការពារព្រៃលិចទឹកឲ្យខាងតែបាន។ មាត្រា៣.២ បានបញ្ជាក់យ៉ាងច្បាស់ថា អភិបាលនៃគណៈអភិបាលខេត្តមានកតព្វកិច្ចការពារឲ្យខានតែបាននូវដែនព្រៃលិចទឹកដែលមាននៅក្នុងខេត្ត។ មាត្រា៣.៣ បានបញ្ជាក់បន្ថែមថា ការបាត់បង់ដែនព្រៃលិចទឹក និងព្រៃលិចទឹក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃខេត្តណា គណៈអភិបាលនៃខេត្តនោះ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល។

ជាក់ស្តែង មាត្រា៣ នៃច្បាប់ស្តីពីភូមិបាល បានបញ្ជាក់ថា ជនគ្រប់រូបត្រូវគោរពទ្រព្យសម្បត្តិរបស់រដ្ឋ។ បទបញ្ជា និងនីតិវិធីនៃការគ្រប់គ្រងអចលនវត្ថុដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ នឹងត្រូវកំនត់ដោយអនុក្រឹត្យ។
យ៉ាងណាក៏ដោយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១២ ក្រសួងធនធានទឹក និងឧតុនិយម បានដាក់សំណើរទៅសម្តេចនាយករដ្ឋមន្ត្រី សុំគោលការបែងចែកដីជូនប្រជាពលរដ្ឋចំនួន ៤០០៤ គ្រួសារនៅក្នុងឃុំចំនួន៦ នាស្រុកស្ទោងខេត្តកំពង់ធំ។ យោងលើសុំណើនេះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិត លេខៈ ១០៤៤ សជណ ស្តីពីការឯកភាពលើលទ្ធផលនៃកិច្ចប្រជុំ បញ្ហាតំបន់៣ ជុំវិញទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ការដោះស្រាយដីបង្កបង្កើនផលនៅតំបន់៣ ជូនប្រជាពលរដ្ឋត្រូវឈលើឯកសារលិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។ ដោយដីស្រែនៅក្នុងតំបន់៣ ដែលបានឆ្វៀលជូនប្រជាជននៅខេត្តកំពង់ធំ មិនមែនជាដីកម្មសិទ្ធទេ តែប្រជាជនអាចមានសិទ្ធិកាន់កាប់អាស្រ័យផលបាន តែមិនមានសិទ្ធិចាត់ចែង។

៣ខែ ក្រោយលិខិតលេខៈ ១០៤៤ សជណ បានចេញឲ្យអនុវត្តនៅខេត្តកំពង់ធំ ពោលគឺនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកអង្គប្រជុំ បង្កើតក្រុមការងារវាស់វែង និងពិនិត្យទីតាំងដីតំបន់៣នាភូមិសាស្រ្តឃុំព្រែកលាប ស្រុកព្រះនេត្រព្រះ តាមពាក្យស្នើសុំអន្តរាគមន៍ របស់លោក រើន ជិត តំណាងប្រជាពលរដ្ឋ ៤០៦គ្រួសារ ដែលកំពុងកាន់កាប់ដីព្រៃលិចទឹកតំបន់៣។

ក្រោយការវាស់វែងតាមសំណើរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំ ពិភាក្សា និងផ្ទៀងផ្ទាត់លើខ្លឹមសារនៃលិខិតលេខៈ ១០៤៤ សជណ។ ក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ដែលដឹកនាំដោយលោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យបានសម្រេចឲ្យពលរដ្ឋពិតប្រាកដត្រូវអនុវត្តតាម សជណ ដោយនៅតំបន់២ មានសិទ្ធត្រឹមអាស្រ័យផល ដោយឡែកតំបន់៣ ត្រូវអនុញ្ញាតឲ្យអាស្រ័យផលបន្តចំពោះអ្នកដែលកំពុងអាស្រ័យផល តែហាមពង្រីកបន្ថែម។ ចំពោះករណី លោកឧកញ៉ា លី សំអាន គឺខេត្តមិនហ៊ានសម្រេច ប៉ុន្តែកុំហាមឃាត់ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង។

ក្រោយការប្រជុំសម្រេចនេះ នៅថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០១៥ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមករដ្ឋបាលខេត្តបន្ទាយមានជ័យ លេខៈ ២៣៨៥ សជណ ដោយបញ្ជាក់យ៉ាងច្បាស់ថា “ ខ្ញុំសូមជម្រាប ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ជ្រាបថា ក្រសួងមហាផ្ទៃបានទទួលលិខិតដូចមានចុះយោងខាងលើពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយបានគូសបញ្ជាក់ថា ដីតំបន់២ និងតំបន់៣ ក្នុងភូមិសាស្រ្តចំណុចអតីតអាងទឹក លី សំអាន ស្ថិតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាដីស្ថិតក្នុងដែនព្រៃលិចទឹកដែលត្រូវបានការពារដោយអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧.៤០៦ ហិកតាស្តិតនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ ទន្ទឹមនេះ ការអនុវត្តស្មារតីលិខិតលេខ ១០៤៤ សជណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺសម្រាប់ដោះស្រាយបញ្ហាតំបន់៣ ជុំវិញបឹងទន្លេសាបក្នុងភូមសាស្ត្រខេត្តកំពង់ធំតែប៉ុណ្ណោះ ពុំមានវិសាលភាព គ្របដណ្តប់ដល់ភូមិសាស្រ្តខេត្តបន្ទាយមានជ័យទេ។

ចំពោះករណីរដ្ឋបាលខេត្តបន្តាយមានជ័យបានសម្រេច អនុញ្ញាតឲ្យប្រជាពលរដ្ឋអាស្រ័យផលលើទីតាំងដីតំបន២ និងតំបន់៣ ក្នុងភូមិសាស្រ្តចំណុចអាងទឹក លី សំអាន តាមរយៈលិខិតលេខ ១៨៧ សជណ ចុះថ្ងៃទី០៩ ខែមិនថុនា ឆ្នាំ២០១៥ គឺជាការសម្រេចពុំត្រឹមត្រូវ ផ្ទុយពីគោលការណ៍ណែនាំ និងនីតិវិធីច្បាប់ដែលកំពុងស្ថិតនៅជាធរមាននៅឡើយ។”

ក្នុងលិខិតនេះ សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យអភិបាលខេត្តបន្ទាយមានជ័យត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ទប់ស្កាត់ការកាប់រានដីព្រៃលិចទឹកចំនួន៣ចំណុច៖ ១.) ត្រូវបញ្ឈប់ការកាប់រានដីព្រៃលិចទឹកដែលរដ្ឋបាលខេត្តបានអនុញ្ញាតឲ្យប្រជាពលរដ្ឋអាស្រ័យផលលើទីតាំងតំបន់២ និងតំបន់៣ ក្នុងភូមិសាស្រ្តចំណុចអាងទឹក លី សំអាន។ ២.) ត្រូវការពារ និងថែរក្សាដែនព្រៃលិចទឹក និងព្រៃលិចទឹក តាមស្មារតីអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ឲ្យបានល្អប្រសើ។ ៣.) ត្រូវសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់សាជាថ្មីឡើងវិញអំពីការចេញសេចក្តីសម្រេចខាងលើរួចរាយការណ៍អំពីលទ្ធផលសម្រេចបានមកន្រសួងមហាផ្ទៃវិញកុំបីខាន។

អស់រយៈពេលជិត៤ឆ្នាំ គិតចាប់ពីថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០១៥ មកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ មិនទាន់ឃើញមានរបាយការណ៍ណាមួយរាយការណ៍ទៅ សម្តេចក្រឡាហោម ស ខេង ទាក់ទងនឹងដីរបស់លោក លី សំអាន ផង ស្រាប់តែលោក អ៊ុំ រាត្រី អភិបាលខេត្តបន្តាយមានជ័យ បានស្នើសុំសម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឈ្មោះ លី សំអាន បន្តអាស្រ័យផលលើទីតាំងដីស្រែស្ថិតក្នុងតំបន់៣ ចំនួន៧៧០ហិកតា នេះទៅវិញ។

តាមលិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យលេខ៖ ១៦៣៦/១៩ លស ស្នើសុំសម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឈ្មោះ លី សំអាន បន្តអាស្រ័យផលលើទីតាំងដីស្រែស្ថិតក្នុងតំបន់៣ ដែលមានទីតាំងទី១ នៅភូមិការបៅ ឃុំភ្នំលៀប ចំនួន ៣៨០ហិកតា នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះចំនួន ៣៩០ ហិកតា តែឈ្មោះលី សំអាន គ្មានសិទ្ធិចាត់ចែងគ្រប់ប្រភេទ និងមិនអនុញ្ញាតធ្វើជាកម្មសិទ្ធិនោះ គឺធ្វើឡើងដោយយោងទៅលើ លិខិតលេខ ១០៤៤ សជណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលស្មារតីនៃលិខិតនេះ សម្តេចក្រឡា ហោម ស ខេងបានបកស្រាយបញ្ជាក់រួចហើយ ថា “លិខិតនេះគឺសម្រាប់ដោះស្រាយបញ្ហាតំបន់៣ ជុំវិញបឹងទន្លេសាបក្នុងភូមសាស្ត្រខេត្តកំពង់ធំតែប៉ុណ្ណោះ ពុំមានវិសាលភាព គ្របដណ្តប់ដល់ភូមិសាស្រ្តខេត្តបន្ទាយមានជ័យទេ”។ ពាក្យស្នើដ៏ដែលអភិបាលខេត្តបន្តាយមានជ័យ បានយោងលើកំណត់ហេតុរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីឆ្នាំ ២០១៤ នឹងឆ្នាំ២០១៥ ដែលលិខិតទាំងនេះគឺសម្តេចក្រឡាហោម ស ខេង បានបកស្រាយយ៉ាងច្បាស់ហើយថា “ចំពោះករណីរដ្ឋបាលខេត្តបន្តាយមានជ័យបានសម្រេច អនុញ្ញាតឲ្យប្រជាពលរដ្ឋអាស្រ័យផលលើទីតាំងដីតំបន២ និងតំបន់៣ ក្នុងភូមិសាស្រ្តចំណុចអាងទឹក លី សំអាន តាមរយៈលិខិតលេខ ១៨៧ សជណ ចុះថ្ងៃទី០៩ ខែមិនថុនា ឆ្នាំ២០១៥ គឺជាការសម្រេចពុំត្រឹមត្រូវ ផ្ទុយពីគោលការណ៍ណែនាំ និងនីតិវិធីច្បាប់ដែលកំពុងស្ថិតនៅជាធរមាននៅឡើយ៕”

 

Leave a Reply

Your email address will not be published. Required fields are marked *