អាជ្ញាធរខេត្តកំពតរៀបចំសាងសង់ប្រាសាទលោកយាយម៉ៅលើភ្នំទ្វារដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ

ខេត្តកំពត÷ដើម្បីបង្កភាពងាយស្រួល និងរក្សាបាននូវសុវត្ថិភាពដល់អ្នកធ្វើដំណើរមកលេងកម្សាន្ត និងជិះឆ្លងកាត់ខេត្តកំពត ដែលតែងតែចុះបួងសួងសុំសេចក្តីសុខនៅអាស្រមលោកយាយម៉ៅ ចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ និងដើម្បីលើកកម្ពស់ជំនឿសាសនា ក៏ដូចជាទេសចរណ៍សាសនាផងនោះ អាជ្ញាធរខេត្តកំពតបានផ្តួចផ្តើមរៀបចំសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារ ដើម្បីបង្កើនភាពទាក់ទាញទេសចរ។

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់ )។

នៅក្នុងពិធីនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា នាពេលកន្លងមក ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលបានធ្វើដំណើរមកលេង ឬឆ្លងកាត់ខេត្តកំពត តែងតែឈប់ និងចូលទៅអាស្រមបារមីលោកយាយម៉ៅ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពតាមផ្លូវ ហើយដោយសារតែទីតាំងអាស្រមនៅខាងឆ្វេងដៃ តម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវនាំគ្នាធ្វើដំណើរឆ្លងផ្លូវ ដែលអាចបង្កឱ្យមានការកក់ស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍កើកឡើងជាយថាហេតុ។ ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងទាំងនេះ ទើបអាជ្ញាធរខេត្តមានគំនិតផ្តួចផ្តើមសាងសង់ប្រាសាទថ្មីជូនលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារវិញ។

ឯកឧត្តមអភិបាលបានឱ្យដឹងដែរថា នៅក្នុងគម្រោងនៃការសាងសង់ប្រាសាទថ្មីនេះ គឺមានស្ថាបនាផ្លូវឡើងសម្រាប់រថយន្ត និងផ្លូវជណ្តើរកាច់សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើប្រាសាទ ដែលមានទីតាំងចំពីមុខភ្នំ ដោយរៀបជាថ្នាក់ៗសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋលក់គ្រឿងសក្ការបូជា, រៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និងខាងលើភ្នំ រៀបចំសាងសង់បន្ទប់ទឹក និងបំពាក់ភ្លើងបំភ្លឺផ្លូវ ក៏ដូចជាភ្លើងលម្អប្រសាទលោកយាយម៉ៅផងដែរ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅនៅលើភ្នំទ្វារនេះ អាចឱ្យយើងមើលឃើញវាលស្រែចំការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពត។ ដូច្នេះប្រាសាទលោកយាយម៉ៅ មិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូរជា និងបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ គឺថែមទាំងអាចក្លាយទៅជាតំបន់ទេសចរណ៍សាសនាមួយរបស់ខេត្តផងដែរ។ សូមបញ្ជាក់ផងដែរថា ចំពោះថវិកាដែលសាងសង់ប្រាសាទលោកយាយម៉ៅនេះ គឺលោកជំទាវ ហ៊ុន ចាន់ធី  ម៉ៅ ធនិន ជាអ្នកជួយឧត្តមទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *