កម្លាំងនគរបាលបង្រ្កាបបទល្មើសគ្រឿងញៀនជាង៨ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យប្រមាណចំនួន២ម៉ឺននាក់

ភ្នំពេញ ៖ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ បានមានប្រសាសន៍ថា ការអនុវត្តវិធានការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ កម្លាំងអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់ បានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួនជាង ៨ពាន់ករណី លើ៦.៣៩០ករណី ច្រើនជាង១.៦៧៣ករណី កើនលើស ២៦,១៨%។ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០.០០២ នាក់ លើ១៥.០០២ នាក់ ច្រើនជាង ៥.០០០នាក់ កើនលើស ៣៣,៣៣% ។

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿ បានឱ្យដឹងថា រយៈពេល១ឆ្នាំកន្លងមកនេះ កម្លាំងអនុវត្តន៍ច្បាប់បង្រ្កាបបទល្មើសគ្រឿងញៀនចំនួនជាង ៨ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យប្រមាណចំនួន២ម៉ឺននាក់ រួមទាំងមធ្យោបាយ សម្ភារៈ វត្ថុតាងជាច្រើនទៀត។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថា កម្លាំងអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់ ចាប់បានគ្រឿងញៀនបានចំនួន២តោន៩៨៨គីឡូក្រាម៩០២,៨៣ក្រាម លើ១៤តោន ៩១៩គីឡូក្រាម ៤៦៧,០៧ ក្រ តិចជាង១១ តោន ៩៣០គីឡូក្រាម ៥៦៤,២៤ក្រាម គឺប្រមាណតែ១ភាគ៥ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២។ បន្ថែមពីនោះទៀត រឹបអូសសារធាតុគីមីផ្សំបានចំនួន ១តោន ៤៦៩គីឡូក្រាម លើ៤៧៦តោន១១៦គីឡូក្រាម តិចជាង ៤៧៤តោន៦៤៧គីឡូក្រាម គឺតិចជាងប្រមាណជាង៤០០ដង បើធៀបនឹងឆ្នាំ២០២២។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានឱ្យដឹងទៀតថា ក្រៅពីការរឹបអូសសារធាតុគីមីផ្សំ រួមទាំងមធ្យោបាយ សម្ភារៈ និងឧបករណ៍ កែច្នៃផលិតគ្រឿងញៀនជាច្រើនបញ្ជូនទៅសាលាដំបូងរាជធានី ខេត្តហើយ សមត្ថកិច្ចបានដុតកម្ទេចនិងបន្សាបនូវគ្រឿងញៀន និងសារធាតុពាក់ព័ន្ធ បានសរុបចំនួន ៣៤៧តោន ៣៣៨គីឡូក្រាម ៩៤០,០៧ ក្រាម និង១.២០៧ គ្រាប់។
ឯកឧត្តមបានបន្ថែមទៀតថា អាជ្ញាធរក៏បានធ្វើការផ្សព្វផ្សាយ អប់រំ បានធ្វើសកម្មភាពប្រកបដោយវិធី សាស្ត្រជាក់ស្តែង តាមមធ្យោបាយសមស្រប ហើយគ្របដណ្តប់លើអ្នកដែលបានទទួលនូវសារអប់រំពីបញ្ហាគ្រឿងញៀនមានចំនួន ១៥.៧៩៨.៩១៤ អង្គ/នាក់ (ក្នុងម្នាក់អាចចូលរួមទទួលសារអប់រំលើសពី១ដង) ធៀបឆ្នាំ២០២២ ៕

Leave a Reply

Your email address will not be published. Required fields are marked *