ឯកឧត្តម ស៊ុន ចាន់ថុល បន្តពិភាក្សាជាមួយក្រុមហ៊ុនជប៉ុន ក្នុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុន មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Shigeo Fukuda ប្រធានគ្រប់គ្រងទូទៅផ្នែកតំបន់ឧស្សាហកម្មក្រៅប្រទេស របស់ក្រុមហ៊ុន Sumitomo Corporation Asia & Oceania ដោយក្នុងនោះមានការសម្របសម្រួលពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើទស្សនទាន និងស្ដាប់មតិយោបល់របស់វិនិយោគិនជំនាញអភិវឌ្ឍន៍សួនឧស្សាហកម្ម សម្រាប់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងទិសដៅធ្វើយ៉ាងណាឱ្យតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះអាចទាក់ទាញវិនិយោគិនជប៉ុនចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត។


សូមជម្រាបថា ក្រុមហ៊ុន Sumitomo Corporation គឺជាក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅក្នុងប្រទេសប្រមាណជាង៦៥ប្រទេស ជាមួយបុគ្គលិកសរុបប្រមាណ ៧៩ពាន់នាក់ ដែលវិនិយោគលើវិស័យ ផលិតផលដែក ប្រព័ន្ធដឹកជញ្ជូននិងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល អចលនទ្រព្យ និងធនធានរ៉ែ ថាមពល គីមី និងអេឡិចត្រូនិចជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន មានគម្រោងធំរួមគ្នាក្នុងការបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុនជជែកពិភាក្សាគ្នាលើគម្រោងធំៗចំនួន២ក្នុងនោះមានជាអាទិ៍៖ (១) ការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង (២) គម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone)។
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ គឺរៀបចំឡើងឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។ជាមួយគ្នានោះ ភាគីទាំងពីរ បានជជែកគ្នាពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជាដែល ផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នានូវផែនការមេសំខាន់ៗចំនួន០៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា សម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់និងពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *