ភ្នំពេញ៖ ទារិកាទី១ បានចុះបញ្ជីកំណើតដោយជោគជ័យ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
ដោយមានការចង្អុលបង្ហសញដឹកនាំពី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួង ផែនការ បានខិតខំអភិវឌ្ឍកម្មវិធីដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានដោយប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ កិច្ចការនេះ បានដាក់ឱ្យអនុវត្តសាកល្បងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមអបអរសាទរ ទារិកាឈ្មោះ រិទ្ធ ស្រីពេជ្រ កើតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជាទារិកាទី១ ដែលបានចុះសំបុត្រកំណើតដោយជោគជ័យ ពីប្រព័ន្ធជូនដំណឹងសុខាភិបាលទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ នេះគឺជាជំហានប្រកបដោយទស្សនៈវិស័យ និងជារបត់ថ្មីមួយក្នុងប្រវត្តិនៃការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាដែលកំណត់ “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល” ជាស្នូលនៃបញ្ចកោណយុទ្ធសាស្រ្តមួយ។
ការសាកល្បងនេះរួមបញ្ចូលទាំងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ពិពាហ៍ និងការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដល់ទារកដែលទើបកើត។ លេខកូដសម្គាល់
អត្តសញ្ញាណបុគ្គល នឹងត្រូវផ្តល់ដល់បុគ្គលគ្រប់រូប ដើម្បីប្រើប្រាស់ពេញមួយជីវិតពីកើតរហូតដល់ស្លាប់។ ទាំងនេះគឺជាផ្នែកមួយនៃការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ក្នុងគោលដៅទី១៦.៩ ដែលបានចែងថា “នៅត្រឹមឆ្នាំ២០៣០ ត្រូវផ្តល់អត្តសញ្ញាណស្របច្បាប់ដល់ប្រជាពលរដ្ឋទាំងអស់ដោយរាប់បញ្ចូលទាំងការចុះសំបុត្រកំណើត”៕