ខេត្តបាត់ដំបង÷នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណសាលាអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបងមានការរៀបចំកម្មវិធី អបអរសាទរពិធីចែករង្វាន់ និងបណ្ណសរសើរដល់សិស្សពូកែ ចាប់ពីលេខ១ ដល់ លេខ៥ ក្រោមអធិបតីភាព ឯកឧត្តមមេធាវី វ៉ែង មូលីវិភ័ក្ត្រ ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអតីតសិស្សឆ្នាំ១៩៩៣_១៩៩៦និងលោកជំទាវ ជា ចរិយា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក.រ៉ូន សុខគ្រី អភិបាលរងក្រុងបាត់ដំបង លោក.ទ្រី ហាក់ ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងបាត់ដំបង លោកនាយក នាយិកាសាលាអនុវិទ្យាល័យសោហឺ លោកគ្រូ អ្នកគ្រូ អស់លោក-លោកស្រី ជាអតីតសិស្សសាលាអនុវិទ្យាល័យសោហឺ អាណាព្យាបាលសិស្ស និងសិស្សសាលាអនុវិទ្យាល័យសោហឺសរុបជាង១៥០នាក់។
អ្នករៀបចំកម្មវិធីបានថ្លែងនូវមតិស្វាគមន៍ និងបានអាននូវរបាយការណ៍សង្ខេបប្រចាំឆ្នាំសិក្សា២០២២-២០២៣ ស្តីពីការបូកសរុបលទ្ធផលសិក្សា និងការអប់រំ ការរីកចំរើនរបស់សាលាអនុវិទ្យាល័យសោហឺចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០២៣ រហូតមានការទទួលបាននូវការគាំទ្រ និងទទួលបានអាគារសិក្សាជាច្រើនខ្នងពីសប្បុរសជន និងពីសំណាក់សម្តេចក្រឡាហោមផងដែរ ។
ក្នុងនោះគណ:អធិបតីក៏បានឡើងសំណេះសំណាល និងមានការកោតសសើរដល់ប្អូនៗសិស្សានុសិស្សអនុវិទ្យាល័យសោហឺ ដែលមានការព្យាយាម និងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្ររហូតទទួលបាននូវជ័យលាភីពីលេខ១ដល់លេខ៥ ឆ្នាំ២០២២-២០២៣ ពេលនេះ ដែលធ្វើអោយលោកគ្រូអ្នកគ្រូ និងអាណាព្យាលមិនអស់សង្ឃឹមឡើយ ដោយថែមទាំងមានសេចក្តីសោមនស្សរីកក្រៃលេងនាឱកាសនេះ សង្ឃឹមថាប្អូនៗ និងខិតខំរៀនសូត្រអោយកាន់តែពូកែថែមទៀតដើម្បីអោយក្លាយទៅជាសិស្សខ្លាំងពូកែ និងក្លាយជាទំពាំងស្នងប្ញស្សីដ៏ល្អសម្រាប់បំរើសង្គម ប្រទេសជាតិនាថ្ងៃអនាគត ជាពិសេសសូមជាសអោយឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនវានឹងបំផ្លាញអនាគតរបស់យើង។
ក្នុងនោះដែរ លោក.រ៉ូន សុខគ្រី អភិបាលរងក្រុងបាត់ដំបងបានផ្តែផ្តាំអោយប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់នូវចំណុចសំខាន់ៗ៤គឺ៖ ១.វិន័យ, ២.ចំណេះដឹង,៣.សុខភាព, ៤.ក្រមសិលធម៌ នោះយើងនឹងទទួលបាននូវភាពជោគជ័យក្នុងជីវិត។
លោកគ្រូ.ទ្រី ហាក់ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងបាត់ដំបងក៏មានមតិចូលរួមផងដែរដល់កូនៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់នូវចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូអោយបានច្រើន ដើម្បីអនាគតកូនៗទាំងអស់គ្នា ព្រោះថាលោកគ្រូអ្នកគ្រូគ្មានអ្វីអោយកូនៗទេក្រៅពីផ្តល់ចំណេះដឹង និងបទពិសោធន៍ ព្រោះថាលោកគ្រូអ្នកគ្រូគឺជាឪពុកម្តាយទី២របស់យើង ។
លោកគ្រូបានសំណូមពរផងដែរថា ឪពុកម្តាយត្រូវចូលរួមអប់រំទៅលើកូនៗផងដែរ យើងមិនត្រូវរំពឹងតែលើលោកគ្រូ អ្នកគ្រូ តែមួយមុខនោះទេ ឪពុកមា្តយទាំងអស់គ្នាក៏ត្រូវចូលរួមអប់រំបន្តនៅគេហដ្ឋានរបស់យើងផងដែរ។ ព្រោះបើសិនជាការអប់រំឪពុកម្តាយសង្ឃឹមតែអោយកូនមកសាលារៀនតែមួយមុខ ហើយការអប់រំរបស់ឪពុកម្តាយអត់មាន នេះជាហានិភ័យ និងជាគម្លាតពីឪពុកម្តាយ និងកូន ដូច្នេះឪពុកម្តាយត្រូវដើរអោយជាប់ជាមួយសាលា ជាមួយលោកគ្រូ អ្នកគ្រូ បើយើងគិតតែពីផលប្រយោជន៍មួយក្តាប់តូចពីការរកស៊ីចិញ្ចឹមជីវិត ធ្វើស្រែចំការ ដោយមិនគិតពីការសិក្សារបស់កូន យើងមិនអាចដឹងថាកូនយើងទៅសាលា ទៅសិក្សាពិតដែរឬអត់? ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកគ្រូនាយក-នាយិកានៃសាលាអនុវិទ្យាល័យសោហឺ តំណាងអោយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ បានថ្លែងអំណរអរគុណដល់សប្បុរសជនជាអតីតសិស្សអនុវិទ្យាល័យសោហឺ ដែលតែងតែជួយឧបត្ថមជាថវិការក្នុងការកសាង និងជួសជុលសាលា តាមរយះ ឯកឧត្តមមេធាវី វ៉ែង មូលីវិភ័ក្ត្រ ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអតីតសិស្សឆ្នាំ១៩៩៣_១៩៩៦ និងលោកជំទាវ។
តាមការបញ្ជាក់ពីឯកឧត្តមមេធាវី វ៉ែង មូលីវិភ័ក្ត្រ តំណាងអោយសប្បុរសជនអតីតសិស្សឆ្នាំ១៩៩៣-១៩៩៦ បានអោយដឹងថា៖ ថវិការទាំងនោះគឺបានមកតាមរយះមិត្តភក្រ្តអតីតសិស្សនៃអនុវិទ្យាល័យសោហឺក្នុងឆ្នាំ១៩៩៣-១៩៩៦ គឺមានលោក ភួង ស៊ីល្យា, លោក ផន ផាវុធ, លោកស្រី សាត វណ្ណៈ, លោកស្រី គង់ សុជាតិ និងលោកស្រី ពេជ្រ គឹមអូន ជាតំណាងឱ្យអតីតតសិស្សឆ្នាំ១៩៩៩៣ ដល់ ឆ្នាំ១៩៩៦ ហើយជាការចូលរួមចំណែកមួយផ្នែកធំផងដែរក្នុងការជួយដល់សាលាដែលពួកគាត់ធ្លាប់បានសិក្សារៀនសូត្ររហូតទទួលបាននូវចំណេះដឹងមានដល់ថ្ងៃនេះ ។
ថវិកាចូលរួមរបស់សប្បុរសជនអតីតសិស្ស ឆ្នាំ១៩៩៣-១៩៩៦ តំណាងដោយ ឯកឧត្តមមេធាវី វ៉ែង មូលីវិភ័ក្ត្រ ទីប្រឹក្សាអមគណៈកម្មធិការសិទ្ធិមនុ្សកម្ពុជា បាននាំយកថវិការរបស់អតីតសិស្ស មាន៖
១. សកម្មភាពទិញតុ និងកៅអី កាលពីឆ្នាំ២០១៩ សរុប 1502$ និង ៤៣០.000៛
២. សកម្មភាពជួសជុល និងលាបអាគារសិក្សា១បន្ទប់ ឆ្នាំ២០២៣ សរុប 660$ និង ១១.០០០.០០០៛
ដូចនេះថវិកាសរុបចំនួន 2.162$ និង ១១.៤៣០.០០០៛៕ដោយ÷សហការី