ខេត្តសៀមរាប៖ លោក Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា៖” អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បង្ហាញពីផ្លែផ្កាដ៏មានតម្លៃនៃមរតកវប្បធម៌សិល្បៈ នៃប្រទេសទាំងពីរកម្ពុជា-ចិន”។ ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តយូណាន នាឱកាសអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
លោក Wang Yubo បានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសក្ខីភាពប្រវត្តិសាស្ត្រ នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។
លោកអភិបាលខេត្តយូណាន ប្រទេសចិន៖ អំឡុងដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានអ្នកជំនាញចិនជាង ៣០០០ នាក់ បានមកធ្វើការ ស្នាក់នៅ និងហូប ចុកជាមួយអ្នកជំនាញ និងពលរដ្ឋកម្ពុជា។
លោកអភិបាលខេត្តយូណាន ថ្លែងថា រដ្ឋាភិបាលចិនបានផ្ដល់អាហារូបករណ៍ ដល់និស្សិតនៅខេត្តសៀមរាប បានទៅសិក្សានៅខេត្តយូណាន ចំនួន ៥ នាក់ក្នុងមួយឆ្នាំ ដើម្បីបង្ហាញ ពីចំណងមិត្តភាពរឹងមាំ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។
លោកអភិបាលខេត្តយូណាន ថ្លែងថា ការធ្វើដំណើរតាមយន្តហោះពីខេត្តយូ ណាន ប្រទេសចិន មកខេត្តសៀមរាប ប្រទេសកម្ពុជា ប្រើពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។
លោកអភិបាលខេត្តយូណាន ថ្លែងថា ចិនមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិ បត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនក្នុងនោះមានដូចជា ការអភិវឌ្ឍជនបទ, សេដ្ឋកិច្ច, ឧស្សាហក ម្ម, កសិកម្ម, បរិស្ថាន, ទេសចរណ៍, ប្រជាជន និងប្រជាជន, វប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀត ដើ ម្បីទំនាក់ទំនងកម្ពុជា-ចិន កាន់តែរឹងមាំ និងស៊ីជម្រៅ។
បន្ថែមពីនេះ លោកអភិបាលខេត្តយូណាន ជូនពរដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាន់តែមានការរីកចម្រើន។
គួរជម្រាបថា នាឱកាសនោះដែរលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល បានថ្លែងបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចំណាយថវិកាសាងសង់អស់ចំនួន មួយពាន់មួយរយលានដុល្លារ ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការក្រោម គោលនយោបាយត្បូងពេជ្រកម្ពុជា-ចិន នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។
លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានសមត្ថភាពអនុញ្ញាតឱ្យ យន្តហោះគ្រប់ប្រភេទចុះចតក្នុងរវាងពី៣០ ទៅ ៣២ ជើងក្នុងមួយម៉ោង។
លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានសមត្ថភាពទទួលអ្នក ដំណើរចាប់ពីប្រាំពីរលាននាក់ក្នុងមួយឆ្នាំ ដល់ម្ភៃលាននាក់ក្នុងមួយឆ្នាំ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ជាសមិទ្ធផលមួយកើតចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងគំនិតផ្តួចផ្តើមពីប្រមុខ ដឹកនាំរដ្ឋាភិបាលកម្ពុជា-ចិន។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប៕