ឃាត់មនុស្សប្រុសស្រី០៩នាក់ខណៈកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៉ីសងដ៏ធំនៅខណ្ឌជ្រោយចង្វារ​

ភ្នំពេញ៖ មនុស្សប្រុសស្រី០៩នាក់ត្រូវកម្លាំងជំនាញ​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បាន​ចុះឆ្មក់បង្ក្រាបទីតាំងបនល្បែងដ៏ធំមួយក្នុងខណ្ឌជ្រោយចង្វា​និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួនកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣​ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ ។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បានបញ្ជាក់ថា ប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងបនល្បែងបញ្ជល់មាន់ ល្បែងអាប៉ោងតាមអនឡាញ និងលេងបៀស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង រហូតឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់នេះ គឺបានអនុវត្តឡើងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយក៏មានការជំរុញបន្ថែមពីស្នងការរងទទួលផែនការងារ ក្រោមការសម្របសម្រួលផ្នែកនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ​ ។

លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា បន្ទាប់ពីបង្ក្រាបនិងបញ្ចប់ប្រតិបត្តិការក្នុងការបិទទីតាំងបនល្បែងបញ្ជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀស្ទើរគ្រប់ប្រភេទនេះដែរ សម្រាប់ជនសង្ស័យ ដែលជាអ្នកញៀនល្បែងទាំង៩នាក់ និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន ត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកសាងសំណុំរឿងក្នុងការបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *