ខេត្តកោះកុង÷សូម្បីតែប្រពន្ធលោកប្រធានមន្ទីរកសិកម្មខេត្ខេត្តកោះកុង ពេលនេះស្រាប់តែធ្លាយរឿងថ្មីបន្ថែមគឺករណីវេលុយតាមធនាគារ អេស៊ីលីដា ចំនួន ១.០០០ ដុល្លា ដែលពួកឈ្មួញនៅតំបន់សមុទ្រថ្មស អ្នករកស៊ីដឹកខ្យងស ប្រគល់ជូនលោកស្រី ហេង ម៉ានី ភរិយាលោក អុី ម៉េង លាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង។ គេជឿថានៅមានករណីផ្សេងទៀតពាក់ព័ន្ធភរិយាលោកអ៊ី ម៉េងលាង ករណីបទល្មើសនេសាទនៅដែនសមុទ្រ។
ប្រភពពីអ្នករកស៊ីដឹកខ្យងស ឲ្យដឹងថា អ្នកដែលត្រូវបង់ លុយអាចបង់ឲ្យលោក អុី ម៉េងលាងក៏បាន បង់ឲ្យប្រពន្ធគាត់ក៏បាន ដោយក្នុង១បាវខ្យងស បង់លុយ ៤០០០ រៀល អ្នកខ្លះបង់ ៣.៥០០រៀល ហើយក្នុង១ថ្ងៃអាចអូសខ្យងស បានពី២ទៅ៣ពាន់បាវ ឬអាចឈានទៅដល់ ៤ ពាន់បាវក៏មាន។ ដូច្នេះជាមធ្យមក្នុង១ថ្ងៃ គ្រួសារលោកអុី ម៉េងលាង អាចទទួលបានប្រាក់ប្រហែល ឬជិត ៤០០០ ដុល្លារ។នេះគ្រាន់តែជាការទូទាត់ចំពោះករណីបទល្មើស ខ្យងសមួយប៉ុណ្ណោះ ប៉ុន្តែនៅលើផ្ទៃសមុទ្រមានបទ ល្មើសជាច្រើនទៀត ស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់លោកអុី ម៉េងលាង។
ប្រភពដដែលបន្តថា ពួកអ្នករកស៊ីដឹកខ្យងស ត្រូវបង់ លុយឲ្យលោកស្រី ហេង ម៉ានីពាក់កណ្ដាលនិងឲ្យលោក អុី ម៉េងលាង ពាក់កណ្ដាល ហើយភាគច្រើនតាមរយៈ លោក ព្រំ សុវណ្ណា គឺចាប់តាំងពី ៣០០០ទៅ៤០០០ ដុល្លា ហើយរឿងនេះត្រូវលាក់ការខ្ពស់បំផុត បើឈ្មួញរកស៊ីណាហ៊ាបំបែកសំបុកតោនេះ លោក អុី ម៉េង លាង ព្រមានថាចាប់បញ្ជូនធ្វើតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត។
សូមបញ្ជាក់ថា ខ្យងស ក្នុង១បាវខ្យងសមានទំងន់ ៦២ -៦៥គីឡូ ហើយតម្លៃដែលឈ្មួញទិញក្នុង១បាវខ្យង ស តម្លៃ ១៤.០០០រៀល ពីអ្នកនេសាទ ហើយដឹកយកទៅលក់ដល់កំពង់សោម ឬកន្លែងផ្សេងទៀត មានតម្លៃចាប់ ពី២៤.០០០ រៀលទៅ ២៦.០០០រៀលហើយសល់លុយ ចំណេញបន្តិចបន្តួចទេ សម្រាប់ពួកឈ្មួញអ្នកទិញខ្យងនោះ។ ទម្រាំដឹកមកដល់ភ្នំពេញឬបណ្ដាខេត្តផ្សេងទៀតតម្លៃខ្យងសក្នុង១គីឡូក្រាមអាចឡើងដល់៥ម៉ឺនរៀល។យ៉ាងណាក៏ដោយ គេបានចែករំលែកជូនទៅដល់គ្រួសារ លោកអុី ម៉េងលាងក្នុង១គីឡូក្រាម៤០០០រៀល ទៅហើយ។ ដូច្នេះនេះគឺជាអំពើពុករលួយមួយយ៉ាងច្បាស់។
ករណីនេះមហាជនកំពុងរង់ចាំមើលថា តើត្រូវបញ្ចប់ត្រឹមការដកដំណែងលោកអុី ម៉េងលៀង និងសហការីលោកព្រំ សុវណ្ណា នេះឬយ៉ាងណា? ពីព្រោះទម្រង់នៃអំពើពុករលួយរបស់លោកអុី ម៉េងលាង ធំធេងខ្លាំងណាស់ ជាពិសេសពាក់ព័ន្ធនឹងការលូកដៃរបស់ភរិយាខ្លួននោះថែមទៀតផង។ គេរំពឹងថា អង្គភាពប្រឆាំងអំពើពុករលួយមិនបណ្ដោយឲ្យរឿងនេះស្ងាត់ទៅ ដោយមិនមានវិធានការអ្វីនោះទេ។
អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកអុី ម៉េងលាងនិងភរិយាបានទេនៅព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣នេះដោយគ្មានលេខទូរស័ព្ទអង្គភាពយើងរងចាំបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ ដោយ÷សហការី