លោក សម រង្ស៊ី ឆ្លងជំងឺកូវីដ១៩ ទោះបានចាក់វ៉ាក់សាំងសហរដ្ឋអាមេរិក ៣ដូស

ភ្នំពេញ ៖ លោក សម រង្ស៊ី ដែលធ្លាប់រិះគន់មិនសំចៃមាត់ពីវ៉ាក់សាំងរបស់ចិន បែរជាធ្លាក់ខ្លួនឆ្លងជំងឺកូវីដ១៩ ទោះបីទទួលបានវ៉ាក់សាំង ៣ម្ជុល (Astra Zeneca ពីរម្ជុល និង Pfizer មួយម្ជុល) ក្នុងឆ្នាំ២០២១ យ៉ាងណាក៏ដោយ។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅយប់ថ្ងៃទី៥ ខែមករានេះ លោក សម រង្ស៊ី បានសរសេរយ៉ាងដូច្នេះថា «លោក សម រង្ស៊ី បានឈឺជំងឺកូវីដ-១៩ រយៈពេល ៥ថ្ងៃ ទោះជាបានទទួលវ៉ាក់សាំង ៣ម្ជុល (AstraZeneca ពីរម្ជុល និង Pfizer មួយម្ជុល) ក្នុងឆ្នាំ២០២១ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានធ្វើតេស្តហើយទទួលបានលទ្ធផលវិជ្ជមាន (មានផ្ទុកមេរោគកូរ៉ូណាវីរុស) កាលពីថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១»។

ប្រភពដដែលបន្តថា លោក សម រង្ស៊ី ពេលនោះមានរោគសញ្ញាតិចតួច គ្រាន់តែក្អក និងឈឺបំពង់កបន្តិច រយៈពេល ២-៣ថ្ងៃ។ មកដល់ថ្ងៃ៤ មករា ២០២២ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមាន (អស់មានផ្ទុកមេរោគទៀតទេ)។ នៅថ្ងៃ៥ មករា ២០២២នេះ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមានដដែល មានន័យថាលោក សម រង្ស៊ី បានជាសះស្បើយពេញលេញហើយ។

លោកបន្ថែមថា ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ នៅប្រទេសបារាំង និងនៅទូទាំងពិភពលោក មានមេរោគបំឡែងខ្លួនឈ្មោះ Omicron បានរាតត្បាតយ៉ាងខ្លាំង និងយ៉ាងលឿន។ នៅប្រទេសបារាំង មានអ្នកឈឺថ្មី ពី ២០ម៉ឺន ទៅ ៣០ម៉ឺននាក់ ក្នុងមួយថ្ងៃ ដោយសារមេរោគបំឡែង Omicron នេះ។ មេរោគបំឡែងនេះ ឆ្លងឆាប់ តែមិននាំមកហានិភ័យធ្ងន់ធ្ងរទេ គឺឆាប់ឈឺ និងឆាប់ជាទៅវិញ ហើយអាចផ្តល់ភាពស៊ាំ (Immunity) ក្នុងរយៈពេលយូរអង្វែង។

លោក សម រង្ស៊ី ដែលមានមនុស្សជាច្រើន នៅជុំវិញលោក បានឈឺដូចគ្នាដែរ តែបានជាសះស្បើយរួចអស់ហើយ ចង់ផ្តល់ព័ត៌មានទាំងអស់នេះ ដើម្បីជាករណីសិក្សា សម្រាប់អ្នកវិទ្យាសាស្ត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *