សម្ដេចតេជោ បញ្ជាឲ្យយកអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ទៅព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាត ទោះជាកូនអ្នកធំណាក៏ដោយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មិនអនុញ្ញាតឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះឡើយ គឺតម្រូវយកអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យ ជាដាច់ខាត ដើម្បីទប់ស្កាត់ការរីករាលក្នុងសហគមន៍ជាបន្ដទៀត ទោះបីជាកូនអ្នកធំអ្នកណាក៏ដោយ។

ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ម្សិលមិញ កម្ពុជារកឃើញករណីអូមីក្រុង ៩ករណី ហើយសុទ្ធតែជាករណីនាំចូល។

សម្ដេចតេជោ បន្ដថា ករណីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅទូទាំងប្រទេសកម្ពុជា រហូតមកដល់ពេល ចំនួន៩៤ករណី ក្នុងនោះ ក៏ព្យាបាលជាសះស្បើយមួយចំនួនដែរ ហើយសុទ្ធតែជាករណីចូលនាំ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមដាក់បញ្ជា មិនអនុញ្ញាតឲ្យព្យាបាលតាមផ្ទះទេ គឺសូមយកទៅមន្ទីរពេទ្យ ព្យាបាលនៅមន្ទីរពេទ្យ ព្រោះរឿងនេះ អូមីក្រុង វាអត់គ្រោះថ្នាក់ធំទេ បើនិយាយពីអត្រាស្លាប់វាអត់គ្រោះថ្នាក់ប៉ុន្មានទេ»។

សម្ដេចតេជោ បានប្រកាសថា ទោះបីកូនអ្នកធំក៏ដោយ គឺតម្រូវព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ហើយចាប់ពេលនេះតទៅ មិនចាំបាច់សុំយោបល់ សម្ដេច ទៀតឡើយ ក្នុងការយកអ្នកជំងឺប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះ។ នាឱកាសនេះ សម្តេចក៏បានលើកពីកូនទូតអាមេរិកដែលឆ្លងជំងឺនេះ ហើយទូតក៏បានធ្វើលិខិតធានាលើការសុំព្យាបាលនៅផ្ទះ។ សម្ដេចតេជោ បានបន្ថែមថា លើកលែងតែអ្នកជំងឺប្រភេទ ដែលតា និង អាល់ហ្វា គឺអនុញ្ញាតឲ្យព្យាបាលនៅក្នុងផ្ទះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១២០.៥២៦នាក់, ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៦.៩៦៣នាក់ និងអ្នកស្លាប់ ចំនួន៣.០១៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *