សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំ និងភរិយា បានឆ្លងកាត់ក្នុងសម័យសង្រ្គាម គឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ»

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ ដែលជាថ្ងៃខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត, តាមរយៈ Facebook សម្តេចបានបង្ហោះសាររំលឹកដល់អតីតកាលជូរចត់ ក្នុងជីវិតជាប្តីប្រពន្ធ ដែលឆ្លងកាត់ក្នុងសម័យសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍ដែលតែងតែគិតថា អ្វីដែលសម្តេច និងភរិយា ធ្លាប់បានឆ្លងកាត់ក្នុងសម័យសង្គ្រោមនោះ ពុំគួរឲ្យជឿថា អាចមានជីវិតដូចសព្វថ្ងៃនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២២)។ ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំ និងភរិយា បានឆ្លងកាត់ក្នុងសម័យសង្រ្គាម គឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។

ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំ ដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើង សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ។

«ទុក្ខស្រីប្តីព្រាត់» បានធ្វើឱ្យខ្ញុំ និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ (ពេលនោះខ្ញុំមានអាយុ២៤ឆ្នាំ ឯភរិយាខ្ញុំអាយុ២២ឆ្នាំ) រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ច ចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់។

សៀវភៅគូព្រេងមិនព្រាត់ ដែលខ្ញុំសរសេររៀបរាប់ពីជិវិតប្តីប្រពន្ធរបស់ខ្ញុំ ត្រូវបានបោះពុម្ភជាភាសាខ្មែរ អង់គ្លេស និងចិន។ ភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ក៏ចាប់ផ្តើមថតហើយដែរ ដែលអាចប្រើរយៈពេល១៤ខែទើបអាច បញ្ចប់បានព្រោះជារឿងភាគដែលវែង»៕

Leave a Reply

Your email address will not be published. Required fields are marked *