សម្តេចតេជោ ហ៊ុន សែន រក្សាជំហរធ្វើដំណើរទៅមីយ៉ាន់ម៉ា ទោះមានការបំផ្ទុះគ្រាប់នៅក្បែរទូតខ្មែរ

ភ្នំពេញ ៖ ទោះបីជាមានការបំផ្ទុះគ្រាប់បែក នៅជិតស្ថានទូតខ្មែរ នៅប្រទេសមីយ៉ាន់ម៉ា កាលពីប៉ុន្មានថ្ងៃមុនក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែប្រកាសជំហរយ៉ាងរឹងមាំ ទៅមីយ៉ាន់ម៉ាដដែល។

ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ នៅថ្ងៃ៣ មករា នេះ សម្តេចបានលើកឡើងពីកម្មវិធីនានា អំពីសម្តេចនឹងចូលរួមមុន និងក្រោយទៅមីយ៉ាន់ម៉ា។ សម្តេចថា បន្ទាប់មកពីមីយ៉ាន់ម៉ា នឹងមានកម្មវិធីច្រើនទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃ៣១ ខែធ្នូ ដែលជាថ្ងៃដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះ មានករណីផ្ទុះគ្រាប់បែក២គ្រាប់ នៅក្បែរស្ថានទូតខ្មែរនៅមីយ៉ាន់ម៉ា ដោយ១គ្រាប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រាប់ទៀតមានចម្ងាយប្រមាណ១៥០ម៉ែត្រ ដែលជាគ្រាប់បែកច្នៃ ដោយមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណានោះទេ។

ក្រោយកើតហេតុភ្លាម ខាងសន្តិសុខមីយ៉ាន់ម៉ា ក៏បានបង្កើតការប្រុងប្រយ័ត្ន និងការពារបន្ថែមទៀតនៅស្ថានទូត ផ្ទះរបស់អគ្គរដ្ឋទូត និងមន្រ្តីទូតរបស់កម្ពុជា។ ការបំផ្ទុះនេះមុនពេលសម្តេច នឹងត្រូវអញ្ជើញទៅ មីយ៉ាន់ម៉ា នាថ្ងៃ៧ មករាខាងមុខដើម្បីជួបលោក Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ា៕

Leave a Reply

Your email address will not be published. Required fields are marked *