ទីបំផុត! អតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ត្រូវបានដោះលែង ចេញពីពន្ធនាគារជាផ្លូវការ

សេអ៊ូល ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា ការដោះលែងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានធ្វើឡើងជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រីបានជាប់ឃុំឃាំងអស់រយៈពេល ៤ឆ្នាំ និង ៩ខែ ពាក់ព័ន្ធនឹងរឿងក្តីពុកលួយ ដែលបានធ្វើឲ្យលោកស្រីអស់អំណាច។

លោកស្រី Park Geun-hye ត្រូវបានតុលាការកំពូលកូរ៉េខាងត្បូង កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២២ឆ្នាំ កាលពីខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែង ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងការគប់គិតជាមួយមិត្តជិតស្និទ្ធ ដែលត្រូវបានគេជឿជាក់ថា ជាអ្នកជំរុញឲ្យលោកស្រីប្រព្រឹត្តទង្វើបែបនេះ។

គួរបញ្ជាក់ថា ការដោះលែងលោកស្រី Park Geun-hye ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន (Moon Jae-in) កាលពីសប្តាហ៍មុននេះ បានសម្រេចផ្តល់ការលើកលែងទោសដល់រូបលោកស្រី ដោយយោងលើមូលហេតុថា លោកស្រីមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងដើម្បីជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ ចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនាដើមឆ្នាំ២០២២ ខាងមុខនេះ។

តាមពិតទៅលោកស្រី Park បាននិងកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងសេអ៊ូល អស់ជាច្រើនខែមកហើយ ដោយសារតែឈឺចាប់ផ្នែក ខ្នង, ស្មា និងអវៈយវៈមួយចំនួនទៀត។ លោកស្រីបានទទួលលិខិតបញ្ជាក់ អំពីការលើកលែងទោស និងដោះលែងជាផ្លូវការ កាលពីពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី៣១ ខែធ្នូនេះ ហើយលោកស្រីត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា អាចនឹងបន្តសម្រាកព្យាបាល រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *