លោក Simeone អ្នកចាត់ការរបស់ Atletico Madrid វិជ្ជមានកូវីដ១៩ ខណៈក្លិប Barca រកឃើញករណីវិជ្ជមានបន្ថែមទៀត

ម៉ាទ្រីដ ៖ បើតាមការឲ្យដឹងពីក្លិបដែលលេងនៅលីគ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្លិប Atletico Madrid បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៥ករណីហើយ ដោយក្នុងនោះរួមទាំងអ្នកចាត់ការទូទៅ លោក Diego Simeone ផងដែរ ស្របពេលក្លិប FC Barcelona បានរកឃើញ ៣ករណីបន្ថែមទៀត ក្នុងចំណោមកីឡាកររបស់ពួកគេនាថ្ងៃព្រសហ្បតិ៍។

Atletico Madrid បានឲ្យដឹងថា លោក Simeone កីឡាករប្រធានក្រុម Koke ខ្សែបម្រើ Hector Herrera បូករួមនឹងខ្សែប្រយុទ្ធ Antoine Griezmann និង Joao Felix ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។

«ពួកគេទាំងអស់គ្នាមានរោគសញ្ញា ហើយកំពុងធ្វើចត្តាឡីស័កនៅផ្ទះពួកគេរៀងៗខ្លួន ដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខភាព»។ នេះបើយោងតាមក្លិប Atletico បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

ក្លិប Atletico ដែលកំពុងឈរនៅលេខរៀងទី៥ ក្នុងតារាង La Liga មាន២៩ពិន្ទុ ក្រោយឆ្លងកាត់ ១៨ប្រកួតនោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Rayo Vallecano នៅថ្ងៃអាទិត្យសប្តាហ៍នេះ។

ដោយឡែក ក្លិបអ្នកមានបុណ្យ Barcelona បានឲ្យដឹងថា កីឡាករខ្សែបម្រើ Philippe Coutinho ខ្សែការពារ Sergino Dest និងខ្សែបម្រើស្លាប Ez Abde គឺជាកីឡាករថ្មីចុងក្រោយគេដែលបានលាប់ជំងឺកូវីដ១៩ ឡើងវិញ។

ក្លិបមួយនេះបានរងនូវការវាយប្រហាររួចទៅហើយ ដោយករណីវិជ្ជមានកូវីដ-១៩ មួយចំនួននៅក្នុងក្រុមរបស់ពួកគេ ជាមួយនឹងកីឡាករ Ousmane Dembele, Samuel Umtiti និងកីឡាករ Gavi នឹងខកខានដំណើរទៅជួប Real Mallorca ក្នុងលីគ La Liga នាថ្ងៃអាទិត្យនេះ បន្ទាប់ពីរកឃើញវិជ្ជមាន៕

Leave a Reply

Your email address will not be published. Required fields are marked *