ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលនិងប្រគល់ ព្រះអគ្គិជ័យកីឡា នៅព្រឹកថ្ងៃទី២៩មេសា ២០២៣នេះ បានដង្ហែចេញពីវត្តលង្កាព្រះកុសុមារាម ដើម្បីបន្តឆ្ពោះទៅខេត្តជុំវិញបឹងទន្លេសាប។
ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយតំណាងCAMSOC និង ក្រុមការងារ កីឡាករ កីឡាការិនីឆ្នើមមួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ ។ តំណាង CAMSOC បានប្រគល់ព្រះអគ្គិជ័យកីឡាជូនលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែពីវិមានឯករាជ្យ ឆ្ពោះទៅមុខវិទ្យាល័យស៊ីសុវត្ថិ ទើបលោកបណ្ឌិតសភាចារ្យប្រគល់ ជូន លោកឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដង្ហែបន្តមកផ្លូវភ្លោះអង្គឌួង រួចឡើងមកមហាវិថីសហព័ន្ធរុស្ស៊ី ដល់បន្ទាយទាហានDN ត្រឡប់ក្រោយមកស្តុបបេកាសេ ឡើងមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមករង្វង់មូលគួចកាណុង បន្តមកផ្លូវជាតិលេខ៥ រួចប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងតែម្តង។
សូមបញ្ជាក់ថា៖ ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីអោយប្រជាពលរដ្ឋបានទស្សនា ក្នុងនោះរួមមាន៖
១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ ។ ៤-ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា ។ ៥-សូនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ។ ៦-សួន ច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារនិងទី៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕