លោកបណ្ឌិត ហ៊ុនម៉ាណែត÷ មានកត្តា ០៣ យ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន

ខេត្តព្រះសីហនុ÷ លោកបណ្ឌិត ហ៊ុនម៉ាណែត បានលើកឡើងថា, មានកត្តា ០៣ យ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ៖ ទី១. កត្តាសុខសន្តិភាព ដែលឱ្យខេត្តព្រះសីហនុក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវសន្តិភាពក្នុងផ្លូវចិត្ត។ ទី៣. កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានាតាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមានបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅរបស់យើងគ្រប់ជំនាន់តទៅទៀត។

លោកបណ្ធិតបានបន្តទៀតថា ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តព្រហ្មកេរ្តិ៍ ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។ នេះជាប្រសាសន៍ របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

លោកបណ្ឌិត មានប្រសាសន៍ទៀតថា, ៖ សូមចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងឃុំសំរុង ស្រុកពៃ្រនប់ ក៏ដូចជាទូទាំងខេត្តព្រះសីហនុ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តព្រហ្មកេរ្តិ៍ ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។

លោកបណ្ឌិតបន្តថា, បំណងប្រាថ្នាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប គឺការថែរក្សាអាយុជីវិតរបស់ខ្លួន និងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារ និងទំនុកបម្រុងឱ្យមានអាយុជីវិតបន្តទៅទៀត។ ក្នុងបុព្វហេតុនេះ សម្តេចតេជោ និងឥស្សរៈជនថ្នាក់ដឹកនាំជាច្រើនរូប បានចូលរួមក្នុងសកម្មភាពសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍៖ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញដោយនយោបាយឈ្នះឈ្នះ និងជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍តម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុតក្នុងគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសមត្ថកិច្ចគ្រប់ជំនាញក្នុងខេត្តព្រះសីហនុ ដែលបានខិតខំបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ហើយក៏សូមអរគុណចំពោះប្រជាពលរដ្ឋអ្នកស្រុកព្រៃនប់ ក៏ដូចជាអ្នកខេត្តព្រះសីហនុទាំងមូល ដែលតែងជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងយូរអង្វែងតរៀងទៅ ៕

ដោយ÷សហការី

Leave a Reply

Your email address will not be published. Required fields are marked *