អធិការរងស្រុកសំរោង ខេត្តតាកែវ រវល់លេងអាប៉ោង មិនសូវមានពេលធ្វើការងារ

តាកែវ ៖ តាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា លោក ងោល សុខេង អធិការរងស្រុកសំរោង ទទួលផែនអក្សរសម្ងាត់ ចូលធ្វើការតែថ្ងៃចន្ទ១ថ្ងៃទេ ក្រៅនោះគាត់ដើរបាញ់អាប៉ោងតាមវង់ល្បែងនានាពេញខេត្តតាកែវ។

ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុដែលលោកអធិការរងរូបនេះ ដើរបាញ់អាប៉ោងបានតាមអំពើចិត្ត ព្រោះបុក្គលរូបនេះ បានឲ្យលុយទៅលោក ភី ឆុន អធិការស្រុកសំរោង និងលោក ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ ទើបបានជាលោកអធិការរងរូបនេះ ហ៊ានចំណាយពេលដើរបាញ់អាប៉ោងតាមវង់ល្បែង បានតាមអំពើចិត្ត។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋបានថតជាប់រូបលោក ងោល សុខេង អធិការងខាងលើ កំពុងអង្គុយបាញ់អាប៉ោង និងស៊ីសងលុយរាប់សិបលានរៀល នៅក្នុងវង់ល្បែងមួយកន្លែង នៅស្រុកបាទី។

ជុំវិញករណីខាងលើនេះ លោក ភី ឆុន អធិការនគរបាលស្រុកសំរោង បានឲ្យដឹងថា «ខ្ញុំដឹងរឿងហ្នឹងអញ្ចឹងដែរ មិនចាំបាច់មានប្រជាពលរដ្ឋណារាយការណ៍ទេ។ ប៉ុន្តែឥឡូវនេះ គាត់កំពុងនៅធ្វើការជាមួយខ្ញុំ ដោយលោក(អ្នកកាសែត) អាចជួបគាត់ផ្ទាល់ក៏បាន»។ ភ្លាមនោះ លោក ភី ឆុន ក៏បានហុចទូរស័ព្ទទៅលោក ងោល សុខខេង អធិការនគរបាលស្រុកសំរោង ដោយលោកអធិការរង បានបញ្ជាក់ថា លោកមិនបានវក់វីនិងល្បែងស៊ីសង ដូចការចោទប្រកាន់នោះទេ។ ចំពោះរូបភាពដែលបែកធ្លាយនាពេលកន្លងមកនោះ លោកអះអាងថា ជារូបចាស់ប្រហែលជាង១០ឆ្នាំមុនទៅហើយ។

ប៉ុន្តែបើតាមប្រភពពីមន្ត្រីនៅសាលាស្រុកសំរោង បានឲ្យដឹងថា ប្រហែលជាមួយសប្តាហ៍នេះប៉ុណ្ណោះដែលគេឃើញមុខលោកអធិការរង ងោល សុខខេង នៅក្នុងអធិការដ្ឋានជាញឹកញាប់។ មុននេះគឺមិនដែលឃើញលោកនៅក្នុងអធិការដ្ឋាន ដើម្បីបម្រើការងារនោះឡើយ។

ពលរដ្ឋសំណូមពរដល់លោក ឈៀង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយត្រួតពិនិត្យមើលលោកអធិការរង មេអាប៉ោងរូបនេះផង៕

Leave a Reply

Your email address will not be published. Required fields are marked *