ឈប់ម៉ូតូរង់ចាំភ្លើងស្ដុប ត្រូវរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត «តេងឡាយ»​ បុកបណ្ដាលឲ្យរងរបួស

ភ្នំពេញ​ ៖​ បុរសម្នាក់ បានរងរបួសស្រាល ខណៈកំពុងធ្វើដំណើរត្រូវរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន​ ផែស្ងួត​ «តេងឡាយ» បើកបុកម៉ូតូហុងដាឌ្រីមមួយគ្រឿង ដែលកំពុងឈប់ស្តុបកៀបជាប់ក្រោមកង់រថយន្តអូសជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង១១​៖៣០នាទីយប់ ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣​ នៅតាមមហាវិថីចោមចៅ​ (ផ្លូវវេងស្រេង)​ ត្រង់ចំណុចស្តុបទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះជាម្ចាស់ម៉ូតូ បានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានជិះម៉ូតូ​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខរដ្ឋ 13.1-9510 ធ្វើដំណើរតាមវិថីចោមចៅ​ ទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់ស្តុបរងចាំភ្លើងខៀវដើម្បីបត់ឆ្វេងទៅផ្លូវទួលពង្រ​ ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន​ផែស្ងួត​តេងឡាយ​ ក្បាលពណ៌ខៀវ​ ពាក់ផ្លាកលេខ ភ្នំពេញ 3C-1374 បើកដោយបុរសម្នាក់ ទិសដៅស្របគ្នាមកពីក្រោយបុកម៉ូតូអូសជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ​ រងការខូចខាត​ តែសំណាងល្អម្ចាស់ម៉ូតូរមៀលចេញពីរថយន្តរងរបួសស្រាល​។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះមកវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

Leave a Reply

Your email address will not be published. Required fields are marked *