បញ្ជូនខ្លួនឧក្រិដ្ឋជន ៤នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសថ្នាំញៀន ជាង១០០គីឡូក្រាម

ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជាង១០០គីឡូក្រាម។

ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅក្នុងបន្ទប់លេខ ៣០០៥ ជាន់ទី៣០ និងបន្ទប់លេខ ៣១១០ ជាន់ទី៣១ នៃខុនដូអរអេនអេហ្វ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានធ្វើការឃាត់ខ្លួនឈ្មួញគ្រឿងញៀន ៤នាក់ និងដកហូតសារធាតុជាង ១០០គីឡូក្រាម។ ជនសង្ស័យទាំង៤នាក់នោះមាន៖

១.ឈ្មោះ ទាន់ លន់ ភេទប្រុស, ២.ឈ្មោះ ហាវ យីជុន ភេទប្រុស, ៣.ឈ្មោះ ថាំ យីហាន់ ភេទស្រី (៣នាក់នេះជាជនជាតិចិន), ៤. ឈ្មោះ វ៉ា លីយ៉ា ភេទស្រី ជនជាតិខ្មែរ។

ក្នុងកិច្ចសហការបង្ក្រាបនោះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀនសរុប១៣.២០គីឡូក្រាម ក្នុងនោះមាន, សារធាតុញៀនប្រភេទ មេតាំហ្វេតាមីន ១.៨គីឡូក្រាម, សារធាតុញៀនប្រភេទ ខេតាមីន ១.៩គីឡូក្រាម, សារធាតុញៀនប្រភេទ ខេតាមីនរាវ៥០ដប ទម្ងន់ ០.៥ គីឡូក្រាម, សារធាតុញៀនប្រភេទ MDMA ៦៩កញ្ចប់ ស្មើទម្ងន់ ៩គីឡូក្រាម, សារធាតុញៀនប្រភេទកាហ្វេអុីនទម្ងន់ ០.៩គីឡូក្រាម, កញ្ឆាស្ងួតទម្ងន់ ២គីឡូក្រាម, ម្សៅពណ៌ទឹកក្រូច សម្រាប់លាយកែច្នៃគ្រឿងញៀន ៨១កញ្ចប់ ស្មើនឹងទម្ងន់ ៨១គីឡូក្រាម, រថយន្ត ២គ្រឿង។

សំណុំរឿងគ្រឿងញៀនជាង១០០គីឡូក្រាមខាងលើនេះ ស្ថិតនៅក្នុងដៃកញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ មកដល់ពេលនេះ តំណាងអយ្យការសាកសួរមិនទាន់ចប់ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *