អាហារ ៨មុខ ដែលមនុស្សចាស់គួរចៀសវាង

សុខភាព ៖ ខណៈពេលដែលការញ៉ាំអាហារដែលមានសុខភាពល្អមានសារសំខាន់នៅគ្រប់វ័យ ប៉ុន្តែមនុស្សចាស់ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះជម្រើសអាហាររបស់ខ្លួន។ នេះក៏ព្រោះថា មនុស្សចាស់ជារឿយៗមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលធ្វើឱ្យវាកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដែលបណ្តាលមកពីអាហារមិនល្អ។ ទោះយ៉ាងណា ខណៈនេះ CSN Daily នឹងបង្ហាញលោកអ្នកនូវអាហារមួយចំនួន ដែលអាចមានប្រតិកម្មជាមួយថ្នាំ ឬធ្វើឱ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ក្នុងចំណោមមនុស្សចាស់។ អាហារទាំងនោះមានដូចជា៖

១. ឈីសទន់៖ ដោយសារតែជាតិអាស៊ីតទាប និងកម្រិតសំណើមខ្ពស់ ពពួកឈីសទន់ដូចជា Brie, camembert និង gorgonzola គឺជាកន្លែងបង្កាត់ពូជដ៏ល្អឥតខ្ចោះសម្រាប់ពពួកមេរោគ និងសត្វល្អិតផ្សេងទៀតដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សវ័យចំណាស់ដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។

២. ស៊ុតមិនឆ្អិន៖ ស៊ុតឆៅ ឬមិនទាន់ឆ្អិនអាចបង្កើនហានិភ័យដល់មនុស្សវ័យចំណាស់ក្នុងការវិវត្តទៅជាការពុលអាហារ ។ ស៊ុតទាំងអស់គួរតែត្រូវបានចម្អិនរហូតដល់ឆ្អិនទាំងអស់ ទើបជាការល្អសម្រាប់មនុស្សចាស់។

៣. ត្រីឆៅ និង គ្រឿងសមុទ្រ៖ ត្រីឆៅ បង្កង មឹក ខ្យង និងគ្រឿងសមុទ្រផ្សេងៗ​ទៀត​គួរ​ត្រូវ​ចម្អិន​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​សម្លាប់​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់។ ត្រីឆៅអាចមានពពួកដង្កូវប៉ារ៉ាស៊ីតដែលបង្កជំងឺ។ ប្រសិនបើមនុស្សជាទីស្រឡាញ់របស់អ្នកចូលចិត្តញ៉ាំអាហារប្រភេទស៊ូស៊ី សូមប្រាកដថាត្រីឆៅដែលយកមកញ៉ាំនោះ បានសម្លាប់ប៉ារ៉ាស៊ីតរួចរាល់។

៤. ទឹកដោះគោឆៅ៖ ទោះបីជាវាហាក់ដូចជាមានសុខភាពល្អក្នុងការទិញទឹកដោះគោស្រស់ដោយផ្ទាល់ពីទីផ្សារទឹកដោះគោក្នុងស្រុក ឬទីផ្សារកសិករក៏ដោយ ក៏មនុស្សវ័យចំណាស់គួរមានការប្រុងប្រយ័ត្នជាមួយការញ៉ាំទឹកដោះគោព្រោះវាអាចមានផ្ទុកបាក់តេរីបង្កជំងឺជាច្រើនមុខ។

៥. ក្រូចត្លុង៖ មនុស្សវ័យចំណាស់ដែលប្រើថ្នាំសម្រាប់ជំងឺលើសឈាម ការគេងមិនលក់ និងការថប់បារម្ភ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលទទួលទានក្រូចត្លុង។ ព្រោះថា ក្រូចថ្លុងអាចធ្វើអន្តរកម្មជាមួយនឹងថ្នាំមួយចំនួន ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។

៦. សាច់មិនទាន់ឆ្អិន៖ បាក់តេរីផ្សេងៗ ត្រូវបានរកឃើញនៅលើសាច់មិនទាន់ឆ្អិន ដែលអាចបណ្តាលឱ្យពុលអាហារ។ មនុស្សវ័យចំណាស់គួរបរិភោគតែសាច់ដែលបានចម្អិនយ៉ាងហ្មត់ចត់ ព្រោះថាវ័យកាន់តែចាស់ ប្រព័ន្ធភាពស៊ាំកាន់តែខ្សោយដែលមិនអាចទប់ទល់នឹងបាក់តេរីបាន។

៧. សណ្ដែកបណ្ដុះឆៅ៖ សណ្តែកបណ្តុះ ត្រូវបានដាំដុះក្នុងអាកាសធាតុក្ដៅ និងមានសំណើម ដែលល្អសម្រាប់ការលូតលាស់របស់បាក់តេរី។ មនុស្សចាស់គួរតែញ៉ាំតែពន្លកសណ្ដែកដែលចម្អិនឆ្អិនល្អ ទើបជាការប្រសើរ។

៨. អាហារកែច្នៃ៖ សព្វថ្ងៃនេះ មានមនុស្សវ័យចំណាស់ជាច្រើនងាកទៅរកអាហារកែច្នៃ ដើម្បីងាយស្រួលក្នុងការទទួលទាន។ ទោះជាយ៉ាងណាក៏ដោយ អាហារទាំងនេះមានផ្ទុកជាតិខ្លាញ់ សូដ្យូម ជាតិស្ករ និងសារធាតុរក្សាទុកខ្ពស់ ដែលមានគ្រោះថ្នាក់ជាពិសេសចំពោះមនុស្សចាស់ដែលមានជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម។

ដូច្នេះ ប្រសិនជាលោកអ្នកផ្ទាល់ជាមនុស្សចាស់ ឬក្នុងផ្ទះលោកអ្នកមានមនុស្សចាស់ ជាការសំខាន់ណាស់ដែលលោកអ្នកគួរចាប់ផ្ដើមគិតគូរពីរបបអាហារ ព្រោះថាមនុស្សចាស់មានប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយឆ្លងនឹងជំងឺផ្សេងៗ៕ ប្រភព៖ centennialhomecareassistance

Leave a Reply

Your email address will not be published. Required fields are marked *