Chelsea ចុះកិច្ចសន្យាយកខ្សែការពារ Benoit Badiashile មកពីក្លិប AS Monaco

ឡុងដ៍ ៖ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្លិប Chelsea សម្រេចទាំងស្រុង នូវការផ្ទេរខ្សែការពារ Benoit Badiashile មកពីក្លិប Monaco ដែលលេងនៅលីគកំពូលបារាំង Ligue 1, នេះបើយោងតាមក្លិបលេងនៅលីគ Premier League បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ជាមួយនឹងកីឡាករបារាំងរូបនេះ បានចុះហត្ថលេខា លើកិច្ចសន្យារយៈពេល៧ឆ្នាំកន្លះ។

ព័ត៌មានលម្អិតស្តីពីតម្លៃនៃការផ្ទេរ មិនត្រុវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះ មានតម្លៃ៣៥លានផោន (៤១.៧០លានដុល្លារ)។

Badiashile ដែលធ្លាប់លេងឲ្យក្រុមជម្រើសជាតិបារាំង ចំនួន២លើកនោះ បានចូលរួមជាមួយក្រុមយុវជនរបស់ក្លិប Monaco ក្នុងឆ្នាំ២០១៦។ កីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួន២៤លើកក្នុងលីគ សម្រាប់ក្លិប Monaco ខណៈពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ នៅលីគកំពូលបារាំង កាលពីរដូវកាលមុន។

កីឡាកររូបនេះ នឹងលេងក្នុងតំណែងខ្សែការពារកណ្តាល នៅឯក្លិប Chelsea ជាមួយនឹងកីឡាករ Thiago Silva, Kalidou Koulibaly, Trevoh Chalobah និង Wesley Fofana។

Chelsea ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងលីគ កាលពីរដូវកាលមុននោះ កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ ក្នុងតារាង បន្ទាប់ពីទើបតែឈ្នះបានតែ១ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងលីគ៕

Leave a Reply

Your email address will not be published. Required fields are marked *