ឡុងដ៍ ៖ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ក្លិប Chelsea នឹងមានកីឡាករ Mateo Kovacic និង Hakim Ziyech វិញនៅក្នុងក្រុមរបស់ពួកគេ សម្រាប់ដំណើរថ្ងៃបុណ្យចូលឆ្នាំថ្មី (New Year’s Day) ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ពេលទៅជួបក្រុម Nottingham Forest បន្ទាប់ពីពួកគេទាំងពីរបានវិលត្រឡប់ចូលហ្វឹកហាត់វិញ ក្រោយចប់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup។
ពួកគេទាំងពីរបានទទួលពេលវេលាបន្ថែម ដើម្បីត្រៀមខ្លួនបានល្អឡើងវិញ បន្ទាប់ពីប្រទេសរបស់ពួកគេគឺក្រូអាត និងម៉ារ៉ុក បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ និងលេខ៤។
ពួកគេទាំងពីរនាក់មិនបានចូលរួមប្រកួត ក្នុងលទ្ធផលឈ្នះនៅលីគ Premier League របស់ Chelsea លើក្រុម Bournemouth កាលពីថ្ងៃអង្គារនោះទេ ប៉ុន្តែអ្នកចាត់ការ Graham Potter បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរទៅជួបក្រុម Forest។
ជាមួយគ្នានោះដែរ កីឡាករ N’Golo Kante និង Armando Broja នៅតែបន្តអវត្តមានពីក្រុម Chelsea ដោយសារមានរបួសរយៈពេលយូរ ស្របពេលដែលកីឡាករ James ក៏មិនអាចចូលលេងបានផងដែរ។
សូមជម្រាបថា Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងលីគកំពូលអង់គ្លេស Premier League បច្ចុប្បន្ននេះ៕