កំពត ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា «កត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាលសម្រាប់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព មិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសកម្ពុជា។ ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមអរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញជូនជាតិនិងប្រជាជនកម្ពុជា មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេលជាង ៤០០ ឆ្នាំចុងក្រោយនេះ»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសចូលរួមជាគណៈអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោក នៃ គង់ អភិបាលរងខេត្តកំពត និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទបូកគោ ទិរួមខេត្តកំពត។ ថ្ងៃទី២៩ ខែធ្នូ គឺជាខួបអនុស្សាវរីយ៍ ២៤ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់សង្គ្រាមស៊ីវិល និងនាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា។
ជាមួយការវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលមន្ទីរបរិស្ថានសម្រេចបាននាឆ្នាំ២០២២ កន្លងទៅ សម្រាប់ខេត្តកំពត លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយរយៈពេល ២៤ ឆ្នាំមកនេះ កម្ពុជាមានលទ្ធភាពពេញលេញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ហើយសេដ្ឋកិច្ចមានកំណើនខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ មុនមានវិបត្តិជំងឺកូវីដ-១៩។
ជាលទ្ធផល កម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុត នៅលើពិភពលោក ប្រែក្លាយពីប្រទេសក្រីក្រដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម មានចំណូលទាប មកជា ប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ និងត្រូវបានប្រសិទ្ធនាមថា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» នៅឆ្នំា២០១៦ ហើយកំពុងបោះជំហ៊ានឆ្ពោះទៅសម្រេចបាននូវឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ នេះ គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះ សម្រាប់កិច្ចការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា និងបានផ្តល់ឱកាសនិងធនធានដល់មន្ទីរបរិស្ថាន ខេត្តកំពតបំពេញការងារដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ៕