វៀតណាម បោសសម្អាតក្រសួងការបរទេស ជុំវិញរឿងអាស្រូវពុករលួយ

ហាណូយ ៖ តាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Diplomat​ នៅថ្ងៃពុធ ទី២៨ ខែធ្នូ​ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងការបរទេសវៀតណាម អាចនឹងត្រូវទទួលរងការដាក់ពិន័យ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយក្នុងការរៀបចំការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ដែល បានជាប់គាំងនៅឯបរទេស អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ដោយនាំឱ្យមានការចាប់ខ្លួន ស្ដីបន្ទោស និងការបណ្ដេញមន្ត្រីជាច្រើនរូបចេញពីគណបក្សកម្មុយនិស្ដ។

គណៈកម្មាធិការអធិការកិច្ចមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាម (VCP) បានផ្ដល់អនុសាសន៍ឱ្យការិយាល័យនយោបាយ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស ដាក់ពិន័យលើក្រសួងការបរទេសវៀតណាមទាំងមូល ក្នុងនោះរួមមានទាំងការស្ដីបន្ទោសរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជុំវិញរឿងអាស្រូវពុករលួយខាងលើ។ អំពើពុករលួយនេះបានកើតឡើងនៅក្នុងការរៀបចំជើងហោះជាង៤០០ជើង សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ដែលបានជាប់គាំងនៅឯបរទេស អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។

បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាម កាលពីខែមិថុនាកន្លងទៅ ក្នុងមួយជើងៗនៃជើងហោះហើរ ក្រុមមន្ត្រីវៀតណាមមួយចំនួនបានប្រព្រឹត្តអំពើពុករលួយ ក្នុងទឹកប្រាក់ រាប់ពាន់លានដុង ហើយបើធ្វើការប្រៀបធៀប មួយពាន់លានដុង ស្មើនឹងជាង ៤៣,៦០០ដុល្លារ។

គួរបញ្ជាក់ថា ការផ្ដល់អនុសាសន៍របស់គណៈកម្មាធិការអធិការកិច្ចមជ្ឈិមនៃគណបក្សកុម្មុយនិស្ដវៀតណាម កើតមានឡើង ខណៈអនុប្រធានបក្សប្រចាំទីក្រុងហាណូយ លោក Chu Xuan Dung ត្រូវបានចាប់ខ្លួន ពីបទទទួលសំណូក រួមជាមួយលោក Vu Hong Nam ជាអតីតអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុន។ មកទល់នឹងពេលនេះ មានមនុស្ស ៣៥នាក់ មកពីក្រសួងមួយចំនួន ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងមន្ត្រីជាន់ខ្ពស់ដូចជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក To Anh Dung។ ចំណែកឯ មន្ត្រីប្រចាំ ស្ថានកុងស៊ុលវៀតណាម នៅឯរុស្ស៉ី ម៉ាឡេស៊ី និងអង់ហ្គូឡា ព្រមទាំងលោក Nguyen Hong Ha ជាអគ្គស្ថានកុងស៊ុលវៀតណាម ប្រចាំទីក្រុងអូសាកា ប្រទេសជប៉ុន ត្រូវបានបណ្ដេញចេញពីតំណែង និងគណៈកម្មាធិការអធិការកិច្ចមជ្ឈិមនៃគណបក្សកុម្មុយនិស្ដ។

មិនតែប៉ុណ្ណោះ មន្ត្រីដទៃទៀតដូចជាឯកអគ្គរដ្ឋទូតបច្ចុប្បន្នប្រចាំម៉ាឡេស៊ី អតីតឯកអគ្គរដ្ឋទូតប្រចាំឥណ្ឌា និងអគ្គស្ថានកុងស៊ុលប្រចាំទីក្រុង ហ្វូគូអុកា ប្រទេសជប៉ុន ក៏ត្រូវបាន ស្ដីបន្ទោសផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *