ទណ្ឌិត សម រង្ស៊ី ចូលដល់ដំណាក់កាលបែកៗ កាន់តែក្មេងសេចក្តី ខណៈខ្លួនជាអ្នកនយោបាយជិតអស់ម៉ោងទៅហើយនោះ

ភ្នំពេញ ៖ ទណ្ឌិត សម រង្ស៊ី ចូលដល់ដំណាក់កាលបែកៗ កាន់តែក្មេងសេចក្តី ខណៈខ្លួនជាអ្នកនយោបាយជិតអស់ម៉ោងទៅហើយនោះ បែរជាទណ្ឌិត សម រង្ស៊ី ហ៊ានសរសេរនៅលើហ្វេសប៊ុកផេករបស់ខ្លួន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ថា៖ «ហ៊ុន សែន លួចប្រើឈ្មោះថា ខ្លួនជាប្រធានអាស៊ាន ដើម្បីឲ្យប្រធានាធិបតីបារាំង Emmanuel Macron ទទួលខ្លួនជាផ្លូវការ នៅថ្ងៃ ១៣ ធ្នូ ២០២២។ តាមការពិតប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ទេ ដែលជាប្រធានអាស៊ានបច្ចុប្បន្ន»។

វាជារឿងសោកស្ដាយមួយដែលមនុស្សកើតមកអាយុជាង៧០ឆ្នាំទៅហើយ ថែមទាំងចង់ដឹកនាំរដ្ឋទៀត ប៉ុន្តែបែរជាមិនដឹងពីរបៀបដឹកនាំអាស៊ាន និងការប្ដូរវេននៃប្រធានអាស៊ានពីមួយឆ្នាំទៅមួយឆ្នាំទៅវិញ។ ល្ងង់អី ក៏ល្ងង់យ៉ាងនេះ?

ធម្មនុញ្ញអាស៊ានមាត្រា៣១ អំពីប្រធានអាស៊ានបានចែងថា៖ «ប្រធានរបស់អាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក។ សម្រាប់រយៈពេលពេញមួយឆ្នាំ អាស៊ានត្រូវមានប្រធានតែមួយ»។

អ្នកនាំពាក្យប្រធានអាស៊ានឆ្នាំ២០២២ និងធ្លាប់ជាអគ្គលេខាធិការរងអាស៊ាន លោក គង់ ភោគ បានឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន ដោយបានបញ្ជាក់ថា៖ «ប្រធានអាស៊ានចាប់ផ្ដើមអាណត្តិនៅថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ វេលាម៉ោង១១និង៥៩យប់ រៀងរាល់ឆ្នាំ»។

ការលើកឡើងរបស់ សម រង្ស៊ី មិនត្រឹមតែបង្ហាញអំពីចំណេះដឹងខ្សត់ខ្សោយពីអាស៊ានរបស់លោកនោះទេ ថែមទាំងមើលងាយដល់ប្រធានាធិបតីប្រទេសបារាំង លោក អេម៉ាញ៉ូអែល ម៉ាក្រុង និងប្រធានសហភាពអឺរ៉ុបផងដែរ។

តើបារាំងដែលជាប្រទេសមហាអំណាចមួយ មានអ្នកចេះដឹងច្រើន បែរជាត្រូវចាញ់បោកនាយករដ្ឋមន្ត្រីកម្ពុជាមែន?

ស្ថានទូតបារាំង បានប្រកាសក្នុងគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២នេះថា ប្រធានាធិបតីបារាំង លោក អេម៉ាញ៉ូអែល ម៉ាក្រុង បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា «ប្រធានអាស៊ានក្នុងពេលពិសារអាហារការងារនៅវិមានលីយ៉ុងសេផាឡេស នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២»។

ស្ថានទូតបារាំងបានបញ្ជាក់ផងដែរថា៖ «កិច្ចជំនួបនេះ បានធ្វើឡើងមុនមួយថ្ងៃ នៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន ខណៈដែលកម្ពុជាបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃអង្គការតំបន់អាស៊ី (អាស៊ាន)»។

ចំណុចនេះបារាំងបានបញ្ជាក់ដល់ទៅ២ដងថា សម្ដេចតេជោ ហ៊ុន សែន គឺជាប្រធានអាស៊ាន ហើយប្រធានអាស៊ាននេះហើយដែលបានជជែក និងពិសារអាហារពេលល្ងាចជាមួយប្រធានាធិបតីរបស់ខ្លួន។

ក្រៅពីប្រធានាធិបតីបារាំងប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen ក៏បានថ្លែងគារវកិច្ចនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ននៅក្នុងសន្ទុរកថាលោកស្រីក្នុងឱកាសបើកកិច្ចប្រជុំ EU-ASEAN នៅចំពោះមុខមេដឹកនាំអាស៊ានទាំងអស់និងបានថ្លែងអំណរគុណចំឈ្មោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំអាស៊ានដោយជោគជ័យក្នុងឆ្នាំនេះ ហើយលោកស្រី von der Leyen បន្តថានឹងរង់ចាំធ្វើការងារជាមួយនឹងប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៣ខាងមុខ។

ពិតមែនតែប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ញញួរប្រធានអាស៊ានទៅឱ្យប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៣ គឺលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែមិនមែនមានន័យថាសម្ដេចតេជោត្រូវបានផុតអាណត្តិជាប្រធានអាស៊ាននៅថ្ងៃនោះទេ។ ការប្រគល់នោះគឺគ្រាន់តែតំណាងដើម្បីឱ្យមេដឹកនាំពិភពលោកឃើញជាសាក្សីថាឆ្នាំក្រោយឆ្នាំ២០២៣ គឺអាស៊ាននឹងត្រូវបានដឹកនាំដោយប្រទេសឥណ្ឌូណេស៊ី។

ធម្មតាមនុស្សតែងមានសម្អប់ តែបើសម្អប់របស់អ្នកនាំអ្នកដទៃឱ្យល្ងង់តាមអ្នក សូមកុំធ្វើ។ ក្នុងនាមជាមេដឹកនាំគួរតែនាំពលរដ្ឋចេះគិតត្រិះរឹះពិចារណា មានអំណះអំណាង មានហេតុផលត្រឹមត្រូវក្នុងការចោទប្រកាន់។

ការបញ្ចេញរឿងមិនពិត លាបព័ណ៌អ្នកដទៃ ភូតកុហកពលរដ្ឋខ្លួន បានអ្វីមកវិញគឺការបាត់បង់ការគោរព ប្រជាប្រិយ៍ភាព ហើយតម្លៃរបស់ខ្លួនកាន់តែចុះទាបតាមនោះដែរ។

វាជារឿងដែលអស់សំណើចដែលមេដឹកនាំពិភពលោកជាច្រើនរួមទាំងប្រទេសមហាអំណាចនោះត្រូវបានមេដឹកនាំប្រទេសតូចមួយនៅតំបន់អាស៊ានអាចបោក តើឱ្យជឿបាននោះទេ?។

ទណ្ឌិត សម រង្ស៊ី ត្រូវដឹងថា, «ប្រធានអាស៊ានចាប់ផ្ដើមអាណត្តិនៅថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ វេលាម៉ោង១១និង៥៩ យប់ រៀងរាល់ឆ្នាំ»។ កុំល្ងង់ដល់ថ្នាក់ហ្នឹងពេក ចាស់ហើយ រៀនសន្សំបុណ្យផង ជៀសវាងបង្កើតតែ គំនិតទុច្ចរិត៕

Leave a Reply

Your email address will not be published. Required fields are marked *