យឹម ស៊ីណន៖ សម រង្ស៊ី អាចនឹងបាត់បង់ តែជាតិមិនអាចបាត់បង់, សម រង្ស៊ី អាចនឹងស្លាប់ តែប្រជាធិបតេយ្យមិនស្លាប់

ភ្នំពេញ ៖ អតីតយុវជនរបស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនលើលោក សម រង្ស៊ី ដែលធ្លាប់ជាមេកើយខ្លួនថា លោក សម រង្ស៊ី ធ្លាប់បានដើរចេញមុនគេ លើសង្វៀនមតិប្រឆាំង តែបច្ចុប្បន្នលោកបានដើរឆ្ងាយពីវិថីនយោបាយ ដូច្នេះអតីតមេបក្សប្រឆាំងនេះ អាចនឹងបាត់បង់ តែជាតិមិនអាចបាត់បង់ជាដាច់ខាត ហើយលោកក៏អាចនឹងស្លាប់ តែប្រជាធិបតេយ្យមិនស្លាប់ឡើយ។

នេះមិនមែនជាលើកដំបូងទេ សម្រាប់លោក យឹម ស៊ីណន ដែលបានចេញមកវាយប្រហារលើអតីតមេខ្លួន ក្រោយប្រកាសផ្តាច់ខ្លួន ជាមួយអតីតបក្សប្រឆាំងនេះ កាលពីពេលកន្លងមក។

ជាថ្មីទៀតនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ២២ ខែធ្នូ លោក យឹម ស៊ីណន បានលើកពីលោក សម រង្ស៊ីថា “បើនិយាយនៅក្នុងនាមជាអ្នកដឹកនាំ និងចរិតនយោបាយវិញ គាត់(សម រង្ស៊ី) ជាអ្នកនយោបាយមួយរូបដែលបានចេញដំណើរមុនគេ លើសង្វៀនតស៊ូមតិប្រឆាំង ដើម្បីប្រជាធិបតេយ្យកម្ពុជា។ ដូច្នេះ អាចនិយាយបានថា មកដល់ពេលនេះ គាត់ដើរបានឆ្ងាយជាងគេលើវិថីនយោបាយ ប៉ុន្តែការចេញដំណើរបានមុន ឬដើរបានឆ្ងាយជាងគេ មិនប្រាកដថា បានដល់គោលដៅនោះទេ ព្រោះថា សម រង្ស៊ី អាចនឹងបាត់បង់ តែជាតិមិនអាចបាត់បង់ជាដាច់ខាត, សម រង្ស៊ីអាចនឹងស្លាប់ តែប្រជាធិបតេយ្យមិនស្លាប់ឡើយ”។

លោកបន្តថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបន្សល់ត្រឹមជាមេរៀនជាច្រើន សម្រាប់អ្នកគាំទ្រខ្លួនកម្រិតជាតិ ដើម្បីសិក្សារៀនសូត្រ តែគាត់នៅមិនទាន់ក្លាយជាមេដឹកនាំ ឬអ្នកនយោបាយគំរូកម្រិតពិភពលោក ដូចជាមេដឹកនាំល្បីមួយចំនួននៃប្រវត្តិសាស្រ្តមនុស្សជាតិនៅឡើយទេ។

លោកបញ្ជាក់បន្ថែមថា “ពាក្យថា ខ្ញុំគឺជា សម រង្ស៊ី ត្រូវបានអ្នកនយោបាយ និងសកម្មជននៃលោកសម រង្ស៊ីបានលើកប្រកាសទូទៅពិភពលោក ចុះហេតុអ្វីបានជាពួកគេ មិននាំគ្នាចេញមុខដឹកនាំធ្វើសកម្មភាព បែរផ្តល់ក្តីរំពឹងទាំងស្រុងលើតែលោកសម រង្ស៊ី ឬពួកគេទាំងនោះសុទ្ធសឹងជាអ្នកនយោបាយដេកចាំស៊ីកេរ្តិ៍នយោបាយ?”៕

Leave a Reply

Your email address will not be published. Required fields are marked *