ទីបំផុត NVIDIA សម្រេចបិទការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីហើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Nvidia Corp ប្រកាសការសម្រេចចិត្តចុងក្រោយបិទការិយាល័យរបស់ខ្លួន នឹងបញ្ឈប់រាល់សកម្មភាពទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ហើយផ្តល់ឱកាសឱ្យបុគ្គលិកនៅទីនោះនូវជម្រើសក្នុងការបន្តការងាររបស់ពួកគេទៅប្រទេសផ្សេងជំនួសវិញ។

តាមរយៈសេចក្តីថ្លែងការណ៍មួយតាមអ៊ីមែលដោយ Nvidia បាននិយាយថា «បន្ទាប់ពីផ្អាកការដឹកជញ្ជូន ក៏ដូចជាការដាក់លក់ជាច្រើនទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេលចុងក្រោយនេះ យើងបានបន្តរក្សាការិយាល័យរបស់យើងដើម្បីផ្គត់ផ្គង់បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែជាមួយនឹងការអភិវឌ្ឍន៍ថ្មីៗនេះ យើងមិនអាចបន្តដំណើរការប្រកបដោយប្រសិទ្ធភាពនៅទីនោះតទៀតបានទេ»។

ជាមួយគ្នានេះដែល Nvidia កំពុងរៀបចំផ្លាស់ប្តូរបុគ្គលិកមួយចំនួនដែលមានបំណងចង់ផ្លាស់ការប្តូរការងារទៅកាន់ប្រទេសផ្សេងទៀតតាមរយៈជើងហោះហើរ ហើយសម្រាប់អ្នកដែលមិនចង់ផ្លាស់ទីចេញពីរុស្ស៊ីទេនោះ ក្រុមហ៊ុននឹងបញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងរបស់ភាគីទាំងសងខាងជាមួយប្រាក់បំណាច់តែម្តង។

គួរបញ្ជាក់ដែរថា Nvidia បានបញ្ឈប់ការលក់នៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីថ្ងៃទី០៤ ខែមីនា មកម្លេះ។ រហូតមកទល់ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមហ៊ុនបានបញ្ឈប់ការបន្ត និងលក់អាជ្ញាប័ណ្ណកម្មវិធី Cloud Gaming ថ្មីរបស់ខ្លួនដល់ក្រុមហ៊ុនរុស្ស៊ី ខណៈពេលនោះត្រូវបានគេរាយការណ៍ថា បន្ទាប់ពីការបញ្ឈប់សេវាកម្មផ្សេងៗរបស់ Nvidia សេវាកម្មកុំព្យូទ័រផ្សេងទៀតដូចជា Yandex , Sberbank និង MTS ដែលប្រើប្រព័ន្ធដំណើរការក្រាហ្វិក A100 និង DGX-2 ប្រឈមមុខនឹងបញ្ហាជាខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *