កម្ពុជា នៅសល់គ្រាប់មីនចន្លោះពី៤ ទៅ៦លានគ្រាប់ទៀត ដែលមិនទាន់បានកម្ទេចចោល

បាត់ដំបង ៖ មកទល់ពេលនេះ កម្ពុជាបានរកឃើញគ្រាប់មីនរាប់លានគ្រាប់នៅទូទាំងប្រទេស ហើយនៅសល់ចន្លោះពី៤ ទៅ៦លានគ្រាប់ទៀត ដែលត្រូវរកឱ្យឃើញ និងយកទៅកម្ទេចចោល ដើម្បីឱ្យផ្ទៃដីមានសុវត្ថិភាព ក្នុងការអភិវឌ្ឍលើវិស័យកសិកម្មជូនប្រជាពលរដ្ឋ។

នេះជាការបញ្ជាក់របស់ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាបឋមសិក្សា អ៊ិន ស៊ីដារ៉េ ភូមិបាណង់ ឃុំផ្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថា សង្គ្រាមបានបន្សល់នូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់បានរងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត បង្កនូវសោកនាដកម្មឈឺចាប់ ព្រមទាំងរាំងស្ទះដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

លើសពីនេះ អនុប្រធានទី១អាជ្ញាធរមីនរូបនេះ បន្ថែមថា ថ្វីបើវិស័យសកម្មភាពមីនបាននឹងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ តែកម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដី ដែលមានមីនចំនួន៧៣៧គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោមចំនួន១២៥៥គីឡូម៉ែត្រក្រឡាបន្ថែមទៀត។

ទន្ទឹមនឹងនេះ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ខេត្តបាត់ដំបង មានផែនការបោសសម្អាតមីនចំនួន៤៧៨ចម្ការ ផ្ទៃដី៣,៧៤៨ហិកតា ហើយបានធ្វើការបោសសម្អាតមីនរួច គិតត្រឹមខែកក្កដា ឆ្នាំ២០២២ មានចំនួន១៨២ចម្ការ ផ្ទៃដី១,៣០១ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន១,៩៥២គ្រាប់ មីនប្រឆាំងរថក្រោះចំនួន០៦គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,៥៧៦គ្រាប់ និងមីនច្នៃចំនួន១០គ្រាប់។ លោកបន្តថា ខេត្តបាត់ដំបង នៅសល់តំបន់សង្ស័យមានមីន ដែលយើងបានដឹងសរុបទូទាំងខេត្តប្រមាណ ៧៨០៣ហិកតាទៀត ដែលត្រូវបន្តការដោះស្រាយឱ្យអស់នៅឆ្នាំ២០២៥ តាមការកំណត់នៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (២០១៨-២០២៥)៕

Leave a Reply

Your email address will not be published. Required fields are marked *