ប្រជាជនរុស្ស៊ី ជាង១៣០០នាក់ ត្រូវចាប់ខ្លួននៅក្នុងការតវ៉ាប្រឆាំងនឹងការកេណ្ឌទ័ព របស់លោក ពូទីន

មូស្គូ ៖ ក្រុមសិទ្ធិមនុស្សបានបញ្ជាក់ថា កងកម្លាំងសន្តិសុខបានឃុំខ្លួនមនុស្សជាង ១៣០០ នាក់នៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃពុធទី ២១ ខែកញ្ញា នៅក្នុងការតវ៉ាប្រឆាំងនឹងការកេណ្ឌកងទាហានបន្ថែម ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យធ្វើសេចក្តីព្រាងយោធាជាលើកដំបូងរបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

ក្រុមឃ្លាំមើលការតវ៉ាឯករាជ្យ OVD-Info បានឱ្យដឹងថា យោងតាមព័ត៌មានដែលខ្លួនបានប្រមូលពីទីក្រុងចំនួន ៣៨ ក្នុងប្រទេសរុស្ស៊ី មនុស្សជាង ១៣១១ នាក់ត្រូវបានចាប់ខ្លួន។ ក្រុមនេះបន្តថា ក្នុងចំណោមតួលេខទាំងនោះ មនុស្សយ៉ាងហោចណាស់ ៥០២ នាក់មកពីទីក្រុងមូ៉ស្គូ ចំណែក ៥២៤ នាក់ទៀតមកពីទីក្រុងសេនភិតទ័រស្បឺក (St Petersburg) ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទីពីររបស់រុស្ស៊ី។

ជុំវិញបញ្ហានេះ មន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី លោកស្រី អ៊ីរីណា វ៉ូក (Irina Volk) នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានលើកឡើងថា ក្រុមមន្រ្តីបានរារាំងការប្រមូលផ្តុំតូចៗមួយចំនួន ដើម្បីបញ្ចៀសការតវ៉ា។ លោកស្រី វ៉ូក បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងតំបន់មួយចំនួនមានការប៉ុនប៉ងធ្វើសកម្មភាពដែលគ្មានការអនុញ្ញាត និងមានអ្នកចូលរួមតិចតួចបំផុត។ យ៉ាងណាមិញ សកម្មភាពទាំងនោះ ត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខ។ ហើយអ្នកដែលបំពានច្បាប់ត្រូវបានឃាត់ខ្លួន និងនាំទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការស៊ើបអង្កេត»។

មន្ត្រីអាម៉េរិក និងលោកខាងលិចផ្សេងទៀត បានវាយប្រហារការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជុំវិញការកេណ្ឌទាហានបម្រុងប្រមាណ ៣០០០០០នាក់ ដែលជាទង្វើនៃការអស់សង្ឃឹមក្នុងសង្គ្រាមនៅអ៊ុយក្រែនរបស់រុស្ស៊ី ហើយបានព្រមានមេដឹកនាំរុស្ស៊ីអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោកអនុវត្តការគំរាមកំហែងលាក់បាំងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះអ៊ុយក្រែន។

គួរបញ្ជាក់ថា ការប្រមូលផ្តុំដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់ ក្រោមច្បាប់ប្រឆាំងការតវ៉ារបស់រុស្ស៊ី។ ជើងហោះហើរចេញពីប្រទេសរុស្ស៊ី បានឡើងថ្លៃកប់ពពក ហើយត្រូវបានលក់អស់យ៉ាងលឿនកាលពីថ្ងៃពុធ បន្ទាប់ពីលោក ពូទីន បានបញ្ជាឱ្យកេណ្ឌទ័ពជាបន្ទាន់ រហូតដល់ ៣០ ម៉ឺននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *