ផ្ទះសម្បែងពលរដ្ឋនៅស្រុកស្រីស្នំ ខេត្តសៀមរាប ជាង៧០០ខ្នង ត្រូវជន់លិចដោយសារជំនន់ទឹកភ្លៀង

សៀមរាប ៖ ផ្ទះប្រជាពលរដ្ឋនៅស្រុកស្រីស្នំ ខេត្តសៀមរាប សរុបចំនួន៧២៧ខ្នង សាលារៀនចំនួន១៥កន្លែង វត្ត៣ សាលាឃុំ៣ មណ្ឌលសុខភាព១ ផ្លូវគ្រួសក្រហម៤៦,៤៦០ម៉ែត្រ ស្រូវ៣,៥២៩ហិកតា ដំណាំដំឡូងមី៦១៥ហិកតា រងការជន់លិចដោយសារភ្លៀងបានធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃពោលចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែកញ្ញា គួបផ្សំមានទឹកហូរធ្លាក់មកពីស្រុកអន្លង់វែងផងដែរ។

ស្ថានភាពទឹកជំនន់នៅក្នុងស្រុកស្រីស្នំ បានបណ្តាលឲ្យប៉ះពាល់ដល់លំនៅរបស់ពលរដ្ឋក្នុងឃុំចំនួន៥ឃុំ ក្នុងនោះមានឃុំស្លែងស្ពាន ប៉ះពាល់ដល់លំនៅឋានពលរដ្ឋចំនួន១១៣ខ្នង លិចស្រែចម្ការ៨៩៧ហិកតា និងដំណាំដំឡូងមីចំនួន៦១៥ហិកតា លិចផ្លូវគ្រួសក្រហមប្រវែង៦៧០០ម៉ែត្រ ហូរច្រោះខូចប្រវែងជាង៣៩៨ម៉ែត្រ។ ក្នុងឃុំក្លាំងហាយ លិចផ្ទះពលរដ្ឋចំនួន៤០ខ្នង សាលារៀនចំនួន២ លិចផ្លូវគ្រួសក្រហមប្រវែង៣៣៣០ម៉ែត្រ, ស្រូវចំនួន៨២៥ហិកតា។ ក្នុងឃុំប្រីយ៍ ប៉ះពាល់ផ្ទះពលរដ្ឋចំនួន៧១ខ្នង សាលារៀនចំនួន៤ មណ្ឌលសុខភាព១ លិចគ្រួសក្រហមប្រវែង៩៨៦០ម៉ែត្រ។

ជាមួយគ្នានេះ ក្នុងឃុំត្រាំសសរ លិចផ្ទះពលរដ្ឋចំនួន៤៣២ខ្នង លិចទីធ្លាសាលារៀនចំនួន៥ វត្ត១ សាលាឃុំ១ លិចគ្រួសក្រហមប្រវែង១៥,៧៥០ម៉ែត្រ, ប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចពីភូមិស្តៅពក ឃុំជ្រោនាងងួន ទៅភូមិត្រាំសសរ ឃុំប្រីយ៍ និងចាប់ពីភូមិត្រាំសសរ ទៅដល់វត្តចន្ទរង្សីពង្រ។  ចំណែកក្នុងឃុំជ្រោយនាងងួន ប៉ះពាល់ផ្ទះចំនួន៧១ខ្នង សាលារៀនចំនួន២ វត្ត១ សាលាឃុំ១ លិចគ្រួសក្រហមប្រវែង១១,១២០ម៉ែត្រ និងប៉ះពាល់ស្រូវចំនួន១៨០៧ហិកតា។

បើតាមនាយករដ្ឋបាលស្រុកស្រីស្នំ បច្ចុប្បន្នប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយទឹកជំនន់នោះត្រូវបានផ្លាស់ទីទៅស្នាក់នៅទីទួលសុវត្ថិភាពហើយ។ តែយ៉ាងណាគ្រោះទឹកជំនន់នេះមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ។

លោក ហម សុផល នាយករដ្ឋបាលស្រុកស្រីស្នំ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកញ្ញា កម្ពស់ទឹកស្ទឹងស្រែងភ្នំស្រីស្នំ មានកម្ពស់ដល់២៧,៥០ម៉ែត្រ គឺដល់កម្រិតប្រកាសអាសន្នហើយ ខណៈ ព្រឹកនេះភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ។ បើតាមលោក ហម សុផល ប្រសិនភ្លៀងនៅតែបន្តធា្លក់ទៀត ហើយព្រមទាំងមានទឹកធ្លាក់មកពីអូរធ្លក អូរក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យទៀត នោះនឹងធ្វើឲ្យឃុំចំនួន៣ គឺឃុំក្លាំហាយ ឃុំប្រីយ៍ និងឃុំត្រាំសសរ រងការជន់លិចកាន់តែខ្លាំង។

នាយករដ្ឋបាលស្រុកស្រីស្នំបានអះអាងថា អាជ្ញាធរស្រុក ឃុំ ភូមិ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានភាពទឹកជាប្រចាំ និងបានត្រៀមកម្លាំងដើម្បីត្រៀមជួយ និងអន្តរាគមន៍ដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

រដ្ឋបាលស្រុកស្រីស្នំ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ រៀបចំទុកដាក់សម្ភារប្រើប្រាស់ សម្ភារបរិក្ខារ គ្រឿងអេឡិចត្រូនិច សត្វចិញ្ចឹម និងត្រៀមស្បៀងពិសេសត្រូវយកចិត្តទុកដាក់ចំពោះខ្សែភ្លើង ហ្វី្រភ្លើង ពិសេសកូនតូចៗ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាក្រែងមានបញ្ហាណាមួយកើតឡើងជាយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *