កំពង់ស្ពឺ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ខណៈម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ (៣៤-៣៥) ស្ថិតក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
របាយការណ៍ដដែល បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីច សេ១៥០ ពណ៌ស ស៊េរីឆ្នាំ២០២១ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សេង ផេងយូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីកើតទៅលិចក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ យួន យឿន ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យឈ្មោះ យួន យឿន ស្លាប់ភ្លាមៗ រីឯម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួស ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ៖ ចន្ទ លីហ្សា