សម្ដេច ស ខេង សង្ឃឹមថា ក្រុមហ៊ុន ESS នឹងបន្ដផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរ ឱ្យប្រើប្រព័ន្ធសេវាកម្មព័ត៌មានសន្ដិសុខ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បាន បង្ហាញ ក្ដី សង្ឃឹមថា ក្រុមហ៊ុន E-Security Service (ESS) ជាផ្នែកមួយ នៃមូលនិធិ CIEFF នឹងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យពួកគាត់ប្រើប្រាស់ប្រព័ន្ធសេវាកម្មព័ត៌មាន សន្តិសុខនេះ ឱ្យបានកាន់តែច្រើន។

នាឱកាសទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF) ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២១ កញ្ញា សម្ដេច ស ខេង បានកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន ESS ដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្ត MOU កន្លងមក។ សម្ដេច ថា ក្រុមហ៊ុន បានដើរតួជាផ្នែកមួយសំខាន់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅកម្ពុជា តាមរយៈកិច្ចសហការជិតស្និតជាមួយអាជ្ញាធរប៉ូលិស។

សម្ដេច សង្ឃឹមថា «ក្រុមហ៊ុននឹងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យពួកគាត់ប្រើប្រាស់ប្រព័ន្ធសេវាកម្មព័ត៌មានសន្តិសុខនេះឱ្យបានកាន់តែច្រើន ហើយចំពោះសំណើរនៃការបន្ត MOU ជាមួយក្រសួងមហាផ្ទៃ ហើយស្វាគមន៍ និងស្នើឱ្យក្រុមហ៊ុនធ្វើការងារមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរៀបចំនីតិវីធីចុះហត្ថលេខាបន្តសុពលភាពរយៈពេល១០ឆ្នាំទៀត»។

សម្ដេច ស ខេង ក៏បានបានបង្ហាញការត្រៀមខ្លួនសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងក្នុងកំឡុងពេលនៃការអនុវត្ត MOU ជាមួយក្រសួងមហាផ្ទៃ។

ជាការឆ្លើយតប លោក OKUBO HIDEO បានសន្យាថា ក្រុមហ៊ុននឹងព្យាយាមចូលរួមលើកស្ទួយវិស័យសន្តិសុខនៅកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោក ថា ក្នុងរយៈពេល១០ឆ្នាំនៅកម្ពុជា ដោយគិតមកដល់ពេលនេះ ក្រុមហ៊ុនបានចុះកុងត្រាជាមួយក្រុមហ៊ុនចំនួន ១.៣០៥ ក្រុមហ៊ុន ក្នុងការផ្ដល់សេវាកម្មព័ត៌មានសន្តិសុខពេញ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសមានអតិថិជនច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត។

លោក បញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុន ESS បានទទួលអន្តរាគមន៍ដោះស្រាយឧបទ្ទវហេតុសរុប ២៨៣ករណី ពីអតិថិជនដែលមានពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសង្គម ដូចជា ចោរកម្ម អគ្គិភ័យ គ្រោះទឹកជំនន់ និងការសង្គ្រោះបន្ទាន់ ក្នុងនោះជាង ៤០ករណី បានទទួលកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអាជ្ញាធរប៉ូលិស៕

Leave a Reply

Your email address will not be published. Required fields are marked *