ចិន ថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ដោយសន្តិវិធី

ប៉េកាំង ៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាលចិន បាននិយាយនៅថ្ងៃពុធ ទី២១ ខែកញ្ញាថា ប្រទេសចិន មានបំណងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យមានការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ ដោយសន្តិវិធី។

លោក ម៉ា សៀវហ្គ័ង (Ma Xiaoguang) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ប្រទេសចិនមានបំណងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិដោយសន្តិវិធី ហើយថាការបង្រួបបង្រួមនេះ នឹងត្រូវតែធ្វើឡើងដោយជៀសមិនរួច»។ លោកបានបន្ថែមថា ការប្តេជ្ញាចិត្តរបស់ចិនក្នុងការការពារទឹកដីរបស់ខ្លួន គឺមិនផ្លាស់ប្ដូរទេ។

ប្រទេសចិនបានស្នើគំរូ «ប្រទេសមួយ ប្រព័ន្ធពីរ» សម្រាប់តៃវ៉ាន់ ដែលស្រដៀងទៅនឹងគោលនយោបាយនៅទីក្រុងហុងកុងដែរ។ លោក ម៉ា បានលើកឡើងថា ស្ថិតក្រោមគោលនយោបាយនេះ តៃវ៉ាន់អាចមានប្រព័ន្ធសង្គមខុសពីចិនដីគោក ដែលធានាថារបៀបរស់នៅរបស់ពួកគេត្រូវបានគោរព រួមទាំងសេរីភាពខាងសាសនា ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃការធានាអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍។

យ៉ាងណាមិញ គណបក្សនយោបាយតៃវ៉ាន់សំខាន់ៗទាំងអស់ បានច្រានចោលសំណើនេះ ដោយ បានអះអាងថា កោះនេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិននោះទេ។ ចំណែកសាធារណជនស្ទើរតែទាំងអស់ មិនបានផ្តល់សំឡេងគាំទ្រលើចំណាត់ការនេះទេនេះបើយោងតាមការស្ទង់មតិ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចំពោះការប្រើកម្លាំងយោធាដើម្បីនាំដណ្តើមយកកោះនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ យ៉ាងណាមិញតៃវ៉ាន់ច្រានចោលការអះអាងរបស់ចិន ហើយបានគូសបញ្ជាក់ថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន៕

Leave a Reply

Your email address will not be published. Required fields are marked *