ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា នឹងដាក់ឱ្យពលរដ្ឋប្រើប្រាស់ ចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ដោយមិនគិតថ្លៃពេញមួយខែ

ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីការដាក់ដំណើរការផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា ភ្នំពេញ-ព្រះសីហនុ សង់រួចរាល់ស្ទើរទាំងស្រុងហើយ។ សម្រាប់ការអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ដំបូង គឺនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលាខាងមុខ ដោយពលរដ្ឋអាចប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេលមួយខែ។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងថា គ្រប់យាន្តជំនិះទាំងអស់ តម្រូវឲ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ (ឆៀក) ទើបអាចប្រើប្រាស់ផ្លូវល្បឿនលឿនបាន។ ករណីអ្នកប្រើប្រាស់ផ្លូវ បង្កគ្រោះថ្នាក់នាំឱ្យខូចផ្លូវ គឺត្រូវសងការខូចខាត។ ការបើកបរបញ្ច្រាសទិសមិនបានដាច់ខាត ដូច្នេះ ករណីហួសច្រកចេញ មិនអាចថយក្រោយបញ្ច្រាសទិសលើផ្លូវល្បឿនលឿនឡើយ។ ផ្លូវល្បឿនលឿនមានច្រកចេញ៦កន្លែង បញ្ជបង់ប្រាក់ដើមទី មួយកន្លែង ចុងទីមួយកន្លែង មានពីរគន្លងទៅ ពីរគន្លងមក ប៉ុន្តែគន្លងខាងស្តាំសម្រាប់ប្រើដើម្បីឈប់ករណីរថយន្តមានបញ្ហា គឺមិនមែនសម្រាប់ឱ្យបងប្អូនចុះដើម្បីថតរូបនោះទេ។

ចំពោះការប្រើប្រាស់ល្បឿន ចំពោះរថយន្តគ្រួសារ ឬរថយន្តតូច ល្បឿនខ្ពស់បំផុតគឺ១២០គីឡូម៉ែត្រមួយម៉ោង ខណៈល្បឿនទាបបំផុត៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែករថយន្តធំៗ ប្រសិនបើមានសណ្តោង អាចបើក៨០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រសិនបើគ្មានសណ្តោង អនុញ្ញាតឱ្យបើក១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ឡានដឹកទំនិញធំៗ ត្រូវប្រកាន់ស្តាំជានិច្ច។ ករណីត្រូវការវ៉ាជែង គឺវ៉ាខាងឆ្វេង ហើយត្រូវត្រឡប់ចូលគន្លងខាងស្តាំវិញភ្លាម។ សម្រាប់ម៉ូតូដែលមានទំហំសុីឡាំងលើស៥០០សេៗ ត្រូវបានអនុញ្ញាតឱ្យបើកក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមជម្រាបថា ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា មានប្រវែង១៨៧គីឡូមែត្រ ដោយក្រុមហ៊ុនវិនិយោគចិន ប្រើប្រាស់អស់ថវិកាសាងសង់ប្រមាណ២ពាន់លានដុល្លារ។ ក្រុមហ៊ុននឹងចាប់ផ្តើមទទួលបានការចំណេញចាប់ពីឆ្នាំទី១១ឡើងទៅ ហើយនៅពេលនោះ ក្រុមហ៊ុនវិនិយោគត្រូវបង់ពន្ធជូនរាជរដ្ឋាភិបាលកម្ពុជា២០% នៃថវិកាចំណេញ។ ក្រោយចប់រយៈពេលសម្បទាន៥០ឆ្នាំ ក្រុមហ៊ុនវិនិយោគត្រូវជួសជុលផ្លូវឱ្យស្អាតដូចពេលចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ ហើយប្រគល់មករាជរដ្ឋាភិបាលកម្ពុជា ជាអ្នកគ្រប់គ្រង។ ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា បើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាមានិតចិន៕

Leave a Reply

Your email address will not be published. Required fields are marked *