អន្ទាក់ និងឧបករណ៍កែច្នៃសម្រាប់ចាប់សត្វព្រៃ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង ដុតកម្ទេចចោល

ស្ទឹងត្រែង ៖ ក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង ប្រមូលឧបករណ៍កែច្នៃ និងអន្ទាក់គ្រប់ប្រភេទ ដែលអាជ្ញាធរខេត្តរកឃើញក្នុងបទល្មើសសត្វព្រៃកន្លងមក យកមកដុតកម្ទេចចោល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ ការដុតកម្ទេចចោល ឧបករណ៍សម្រាប់សម្លាប់សត្វនេះ គឺធ្វើឡើងដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅខេត្តស្ទឹងត្រែង។

ចលនានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាគណៈប្រតិភូក្រសួងបរិស្ថាន គណៈអភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនៅភូមិសៀមបូក ឃុំសៀមបូក ខេត្តស្ទឹងត្រែង។

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការអន្ទាក់សូន្យ  ដែលធ្វើនៅតាមបណ្តាខេត្តមួយចំនួន កន្លងមកនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ និងជំរុញឱ្យពលរដ្ឋផ្លាស់ប្ដូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី និងចូលរួមអភិរក្សសត្វព្រៃ។ ព្រមទាំងឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការដាក់អន្ទាក់ ជាពិសេស ពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធររួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ ដល់ពលរដ្ឋឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះ ក្រសួងនឹងជំរុញឱ្យសហគមន៍ នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។ «ការការពារធនធានធម្មជាតិ គឺជាការរក្សាលំនឹងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាសហគមន៍ បងប្អូនឧទ្យានុរក្ស ទទួលបាននូវជីវភាព និងសុខមាលភាពកាន់តែប្រសើរជាងមុន។ ជម្រើសថ្មីសម្រាប់បងប្អូនឧទ្យានុរក្ស និងប្រជាសហគមន៍ គឺការដាំចម្ការឈើដូចជា ប្រភេទដើមអាកាស្យា ការដាំដំណាំហូបផ្លែ ដំណាំបន្ទាប់បន្សំ ការចិញ្ចឹមសត្វជុំវិញផ្ទះ និងក្នុងសហគមន៍ ដើម្បីធានាសន្តិសុខស្បៀង និងកាត់បន្ថយសំពាធទៅលើការពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង»។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី រួមនឹងក្រុមការងារ បានអញ្ជើញពិនិត្យការដាំស្មៅចំនីសត្វ និងការចិញ្ចឹមគោពូជ ចំនួន៥០ក្បាល ដែលបានប្រគល់ជូនមន្រ្តីឧទ្យានុរក្ស នៅស្នាក់ការរងដែនជម្រកសត្វព្រៃ-ព្រៃឡង់ សៀមបូក។

សូមបញ្ជាក់ថា «យុទ្ធនាការអន្ទាក់សូន្យ» បានចាប់ផ្តើមតាំងខែមីនា ឆ្នាំ២០២២ ក្រោមការផ្ដួចផ្តើមនិងដឹកនាំរបស់ក្រសួងបរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្ស និងដៃគូអភិវឌ្ឍន៍។ យុទ្ធនាការនេះប្រព្រឹត្តិឡើងរយៈពេល៦ខែ ដោយផ្តើមធ្វើក្នុងខេត្តគោលដៅចំនួន៦រួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី៕

Leave a Reply

Your email address will not be published. Required fields are marked *