តម្លៃអគ្គិសនីនៅអឺរ៉ុប កើនឡើងទ្វេដង ដោយសារការធ្លាក់ចុះ ការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី

អឺរ៉ុប ៖ ទិន្នន័យពី European Energy Exchange AG បង្ហាញថា តម្លៃថាមពលនៅទូទាំងសហភាពអឺរ៉ុប បានកើនឡើងដល់កម្រិតខ្ពស់ កាលពីថ្ងៃអង្គារ ខណៈដែលតម្លៃឧស្ម័នធម្មជាតិ បានកើនឡើងបន្ថែមទៀត ដោយសារការធ្លាក់ចុះ ការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃ Benchmark ថ្ងៃខាងមុខនៅប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ៤៩០.៧៩ អឺរ៉ូ (៤៩៧ដុល្លារ) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ពីមធ្យមភាគខែមិថុនាមាន ២១៨.០៣អឺរ៉ូ នេះបើយោងតាមក្រុមហ៊ុន ផ្តល់ទិន្នន័យទីផ្សារ Nord Pool ។ តម្លៃបច្ចុប្បន្នគឺខ្ពស់ជាងស្ទើរតែ៦ដង ធៀបនឹងខែសីហា ឆ្នាំ ២០២១។

ទីផ្សារថាមពលរបស់សហភាពអឺរ៉ុប មានភាពរង្គោះរង្គើដោយការភ័យខ្លាចថា តើរោងចក្រថាមពលនឹងអាចផ្គត់ផ្គង់អគ្គិសនី បានគ្រប់គ្រាន់ក្នុងរដូវរងារនេះដែរឬទេ ចំពេលការផ្គត់ផ្គង់ឧស្ម័នកាន់តែតឹងតែង។

តម្លៃឧស្ម័នក្នុងតំបន់ បានកើនឡើង៤ដងនៅឆ្នាំនេះ ដែលជំរុញដោយការធ្លាក់ចុះ នៃការនាំចេញពីរុស្ស៊ី ដោយសារការដាក់ទណ្ឌកម្ម ទាក់ទងនឹងអ៊ុយក្រែន និងការធ្លាក់ចុះផ្នែកបច្ចេកទេស។ បណ្តាប្រទេសសហភាពអឺរ៉ុប បាននឹងកំពុងព្យាយាមធ្វើពិពិធកម្ម ការនាំចូលដោយការទិញឧស្ម័នធម្មជាតិរាវ (LNG) បន្ថែមទៀត ក៏ដូចជាការបង្កើនការផ្គត់ផ្គង់ឧស្ម័ន បំពង់ពីប្រទេសន័រវេស អាល់ហ្សេរី និងអាហ្សែបែហ្សង់។

ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកការទូតកំពូល  របស់សហភាពអឺរ៉ុប លោក Josep Borrell ប្លុកនេះកំពុង “ឈានដល់ដែនកំណត់នៃឧស្ម័នបន្ថែម” ដែលខ្លួនអាចទិញបានពី “ប្រភពមិនមែនរបស់រុស្ស៊ី”។ ទន្ទឹមនឹងនោះ បារាំងបានងាកទៅរកថាមពល នុយក្លេអ៊ែរ កាន់តែខ្លាំងឡើង ដើម្បីបង្កើតថាមពលអគ្គិសនីបន្ថែម ខណៈរដ្ឋសហភាពអឺរ៉ុបផ្សេងទៀត បាននិងកំពុងស្តារឡើងវិញ នូវរោងចក្រផលិតធ្យូងថ្ម៕

Leave a Reply

Your email address will not be published. Required fields are marked *