ពលរដ្ឋរស់នៅសង្កាត់ស្វាយរលំ សម្តែងការខឹងសម្បារនឹងអាជ្ញាធរ បើកដៃឱ្យរថយន្តដឹកខ្សាច់ ធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យ

កណ្ដាល ៖ ដេប៉ូខ្សាច់ជាច្រើនទីតាំង បានរីកដូចផ្សិតត្រូវទឹក នៅតាមបណ្តោយដងផ្លូវលេខ២១A និងកំពុងបង្កភាពក្ដៅក្រហាយដល់ប្រជាពលរដ្ឋក្នុងភូមិ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខណៈដែលរថយន្តធុនធំរាប់សិបគ្រឿង ដឹកខ្សាច់ចេញពីដេប៉ូតម្រង់ជួរគ្នាដូចហែរបុណ្យកឋិន ដឹកទាំងយប់ ទាំងថ្ងៃ មិនខ្វល់ពីការរំខានលើប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវនោះឡើយ។

បើតាមលោកតា ទូច មុំ អាយុ៨៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅទីតាំងខាងលើ តាំងពីឆ្នាំ១៩៧៩មកនោះ បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដេប៉ូលក់ខ្សាច់ជាច្រើនទីតាំង បានធ្វើអាជីវកម្មមិនខ្វល់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះឡើយ។ ពួកគេបានដឹកខ្សាច់លក់ទាំងយប់ទាំងថ្ងៃ រង្គើអស់ដំបូលផ្ទះ រកតែដេកពួនមិនបានឡើយ ពោលគឺប្រៀបបាននឹងទីលានប្រណាំងរថយន្តទៅហើយរាល់ថ្ងៃនេះ។

ចំណែកលោកយាយ គយ សែត អាយុ៨៥ឆ្នាំ បានថ្លែងឱ្យដឹងថា រថយន្តទាំងនោះ បើកបរក្នុងល្បឿនលឿន នឹងដឹកលើសទម្ងន់ធ្វើឱ្យកំណាត់ផ្លូវលេខ២១A ត្រង់ចំណុចសង្កាត់ស្វាយរលំខូចខាតយ៉ាងធ្ងនធ្ងរ។ កន្លងមក លោកយាយធ្លាប់រាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ដែរ ប៉ុន្តែហាក់គ្មានបានផលអ្វីជាដុំកំភួនទេ ព្រោះអាជ្ញាធរទាំងនោះ គ្មានចំណាត់ការអ្វីមួយទៅលើម្ចាស់ដេប៉ូខ្សាច់នោះឡើយ។ រថយន្តទាំងនោះ ដឹកខ្សាច់បន្តកន្ទុយគ្នា វ៉ាជែងគ្មានញញើតប៉ះពារអ្នកភូមិទេ ស៊ីផ្លេម្ដងៗផ្អើលអស់ឋានប្រេត កុំថាឡើយមនុស្ស។ ក្រុមដឹកខ្សាច់ ដឹកលើសទម្ងន់ធ្លាក់ខ្សាច់រាយពេញថ្នល់ ពោលគឺប្រជាពលរដ្ឋដែលមានអាយុច្រើនដូចជាលោកយាយនេះ ប្រហែលរស់មិនបានយូទេ ព្រោះហឺតស្រូបយកផ្សែងដីហុយនោះចូលក្នុងខ្លួនរាល់តែថ្ងៃបែបនេះ។

ដោយឡែក ប្រជាពលរដ្ឋក្នុងភូមិមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា អាជ្ញាធរមូលដ្ឋានមិនបានខ្វាយខ្វល់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋដូចកាលសន្យានោះទេ ពួកគេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ត្រូវដងត្រូវផ្លែជាមួយម្ចាស់ដេប៉ូ ទទួលលុយក្រោមតុដែលម្ចាស់ដេប៉ូបង់ប្រចាំខែ ដូច្នេះហើយ ទើបត្រចៀកពួកគេស្តាប់មិនឮសំឡេងថ្ងូររបស់ពលរដ្ឋ។ ម៉្យាងវិញទៀត ម្ចាស់ដេប៉ូទាំងនោះ បានបង់លុយទៅមន្ត្រីថ្នាក់ខេត្ត គប់គិតគ្នាជាប្រព័ន្ធអស់ហើយ បានជាពួកគេអាចធ្វើអាជីវកម្មដឹកខ្សាច់រញ្ជួយក្បាលប្រេតហើយ នៅអាចបន្តសកម្មភាពបានរាល់ថ្ងៃ ទោះបីពលរដ្ឋប្តឹងតវ៉ាក៏មិនអាចធ្វើអីពួកគេបាននោះ?៕

Leave a Reply

Your email address will not be published. Required fields are marked *